ទីក្រុងធំជាងគេចំនួន២ របស់អ៊ីស្រាអែល ស្ថិតក្រោមការវាយប្រហារសងសឹកពីអ៊ីរ៉ង់

 ប្រភព៖ Reuters

ហ៊្សេរុយសាឡិម៖ មានការផ្ទុះលាន់ឮពេញទីក្រុង Jerusalem និងទីក្រុង Tel Aviv ដែលជាទីក្រុងធំជាងគេចំនួនពីររបស់អ៊ីស្រាអែល នៅយប់ថ្ងៃសុក្រឈានចូលថ្ងៃសៅរ៍ ទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ក្រោមការវាយប្រហារសងសឹករបស់អ៊ីរ៉ង់។

ស៊ីរ៉ែនជូនដំណឹងពីការវាយឆ្មក់ តាមផ្លូវអាកាសបានបន្លឺឡើងពាសពេញប្រទេសអ៊ីស្រាអែល ខណៈអាជ្ញាធរជំរុញឱ្យប្រជាជនរកកន្លែងជ្រក។ មីស៊ីលត្រូវបានគេមើលឃើញពីលើផ្ទៃមេឃរបស់ទីក្រុង Tel Aviv

យោធាអ៊ីស្រាអែលនិយាយថា អ៊ីរ៉ង់បានបាញ់មីស៊ីលតិចជាង ១០០គ្រាប់ ហើយភាគច្រើនត្រូវបានស្ទាក់ចាប់ ឬបាញ់ទម្លាក់។ មន្ត្រីអាមេរិកពីររូបនិយាយថា យោធាអាមេរិកក៏បានជួយបាញ់ទម្លាក់មីស៊ីលអ៊ីរ៉ង់ដែលសំដៅទៅអ៊ីស្រាអែលផងដែរ។

ទូរទស្សន៍អ៊ីស្រាអែលរាយការណ៍ថា មនុស្សពីរនាក់បានរងរបួសធ្ងន់ ៨នាក់របួសមធ្យម និង៣៤នាក់របួសស្រាល។ អគារជាច្រើនរងការខូចខាត រួមទាំងប្លុកផ្ទះល្វែងមួយក្នុងសង្កាត់លំនៅដ្ឋាននៃទីក្រុង Ramat Gan ក្បែរទីក្រុង Tel Aviv។ អគារមួយទៀតនៅកណ្តាលទីក្រុង Tel Aviv ក៏បានរងនូវការវាយប្រហារដែរ ដែលបណ្តាលឱ្យខូចខាតអស់ច្រើនជាន់៕



Powered by Blogger.