អ៊ីរ៉ង់ ថ្កោលទោសបម្រាមធ្វើដំណើរ និងទណ្ឌកម្មថ្មីរបស់អាមេរិក ថា ជាអរិភាព ចំពោះប្រជាជនអីរ៉ង់ និងជនមូស្លីម
ប្រភព៖ Reuters
តេហេរ៉ង់៖ ទីក្រុងតេអេរ៉ង់ បានរិះគន់យ៉ាងខ្លាំងចំពោះបម្រាមធ្វើដំណើរថ្មី និងទណ្ឌកម្មថ្មីដាច់ដោយឡែកពីគ្នា ដែលដាក់ដោយរដ្ឋបាលលោក ដូណាល់ ត្រាំ ដោយហៅវិធានការទាំងពីរនេះថា បង្ហាញពីអរិភាពយ៉ាងជ្រាលជ្រៅចំពោះប្រជាជនអ៊ីរ៉ង់ និងជនមូស្លីម។
បម្រាមធ្វើដំណើរនេះ
បានរំឭកពីសកម្មភាពស្រដៀងគ្នាដែលលោក ត្រាំ បានអនុវត្តក្នុងអំឡុងអាណត្តិដំបូងរបស់លោក
ដែលពេលនោះបានហាមឃាត់អ្នកធ្វើដំណើរមកពីប្រទេសដែលមានប្រជាជនមូស្លីមភាគច្រើនមួយចំនួន។
វិធានការដាក់សម្ពាធថ្មីៗទាំងនេះ កើតឡើងស្របពេលដែលរដ្ឋបាលលោក ត្រាំ
ក៏កំពុងព្យាយាមចរចាលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយជាមួយអ៊ីរ៉ង់ផងដែរ
ដែលបង្ហាញពីគោលនយោបាយពីរស្របគ្នារបស់វ៉ាស៊ីនតោន។
មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអ៊ីរ៉ង់ម្នាក់
បានថ្លែងតាមរយៈបណ្ដាញ X ថា «ការសម្រេចចិត្តហាមឃាត់ការចូលរបស់ជនជាតិអ៊ីរ៉ង់...
មិនត្រឹមតែបង្ហាញពីអរិភាពយ៉ាងជ្រាលជ្រៅ... នោះទេ
ប៉ុន្តែថែមទាំងបំពានច្បាប់អន្តរជាតិទៀតផង»។
បម្រាមធ្វើដំណើរថ្មីរបស់លោក ត្រាំ ដែលលោកអះអាងថាចាំបាច់ដើម្បីការពារពី «ភេរវករបរទេស» បានរារាំងពលរដ្ឋមកពីប្រទេសចំនួន ១២
រួមមាន អ៊ីរ៉ង់ អាហ្វហ្គានីស្ថាន មីយ៉ាន់ម៉ា លីប៊ី សូម៉ាលី និងយេម៉ែនជាដើម។
ក្រៅពីនេះ
អ៊ីរ៉ង់ក៏បានថ្កោលទោសទណ្ឌកម្មថ្មីរបស់អាមេរិកដែលសំដៅលើបុគ្គល និងអង្គភាពជាង ៣០
ដែលវ៉ាស៊ីនតោនចោទថា ជាផ្នែកនៃបណ្ដាញ «ធនាគារស្រមោល»
ដែលជួយអ៊ីរ៉ង់លាងលុយរាប់ពាន់លានដុល្លារផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei បានហៅទណ្ឌកម្មនេះថា
«ខុសច្បាប់» និងជាភស្តុតាងបន្ថែមទៀតនៃអរិភាពដ៏ជ្រាលជ្រៅ របស់អាមេរិក៕
Post a Comment