រដ្ឋមន្រ្តីសុខាភិបាល៖ ការដឹកនាំមានប្រសិទ្ធភាពនៅពេលរដ្ឋបាលរឹងមាំ ប្រកបដោយវិន័យខ្ជាប់ខ្ជួន

ភ្នំពេញឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នារសៀលថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកការងារ ត្រូវបង្កើនប្រសិទ្ធភាពការងារប្រចាំថ្ងៃឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាមួយនឹងផែនការសកម្មភាព ផែនការយុទ្ធសាស្រ្ត ការរៀបចំការធ្វើសំយោគមតិ និងការសហការជាមួយគ្រប់ផ្នែកពាក់ព័ន្ធគ្រប់ឋានុក្រម។ ថ្នាក់ដឹកនាំតាមអង្គភាព ត្រូវពង្រឹងបែបបទការងារ សមត្ថភាពមន្រ្តីក្រោមឱវាទលើការងារស្នូលឱ្យកាន់តែច្បាស់ និងល្អប្រសើរ។
ឯកឧត្តមសាស្រ្តាចារ្យដ្ឋមន្រ្តី បានណែនាំពង្រឹងបន្ថែមទៀតលើការងារឱសថសាស្រ្ត រួមទាំងឱសថបុរាណ ដោយត្រូវជំរុញក្នុងការបង្កើនសមត្ថភាព ដូចជាវិធីសាស្រ្តនៃការប្រើប្រាស់ស្តង់ដាឱសថឱ្យបានត្រឹមត្រូវ ចាប់ពីការបណ្តុះបណ្តាល រហូតដល់ការព្យាបាល ស្របតាមបច្ចេកទេស និងសម័យកាលនវានុវត្តន៍ និងក្រមសីលធម៌វិជ្ជាជីវៈជាឱសថការី។ បន្ថែមពីនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានរំលឹកបន្ថែមក្នុងការបន្តយកចិត្តទុកដាក់ឲ្យបានខ្ពស់លើការងារគាំពារសុខភាពមាតា ទារក និងកុមារ ដោយថ្នាក់ដឹកនាំតាមមន្ទីរពេទ្យត្រូវតែបង្កើនសមត្ថភាពមន្រ្តីជំនាញតាមរយៈការបណ្តុះបណ្តាលឱ្យកាន់តែមានជំនាញច្បាស់លាស់ ស្របតាមការរីកចម្រើននៃសកលលោក។ ម៉្យាងវិញទៀត ឯកឧត្តមសាស្ត្រាចារ្យ ក៏បានណែនាំបន្ថែមទៅថ្នាក់ដឹកនាំទទួលបន្ទុក ត្រូវជំរុញលើការងារបណ្តុះបណ្តាលគ្រប់កម្រិតស្តង់ដានៃការសិក្សា ទាំងគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជន។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំត្រូវបន្តយកចិត្តទុកដាក់ពង្រឹងការធ្វើអភិបាលកិច្ច និងនិយ័តកម្មតាមសេវាសាធារណៈ ជាពិសេសវិស័យឯកជន ដើម្បីធានាការបម្រើសេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងក្រមសីលធម៌វិជ្ជាជីវៈ៕









Powered by Blogger.