អគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តរតនគិរី ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតីត្រូវបាន បញ្ចុះបឋមសិលាសាងសង់

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ ទីស្នាក់ការ (ស.អ.ក) សមាគមអតីតយុទ្ធជនកម្ពុជា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនសមាគមអតីតយុទ្ធជនកម្ពុជា រតនគិរី តាមរយៈ អ្នកឧកញ៉ា ម៉ម វណ្ណឌី ដែលមានទំហ៊ំ ២០,៨ ម៉ែត្រ x១១ម៉ែត្រ មានទីតាំងនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី  (អតីតព្រលានយន្តហោះចាស់)។  ពិធីនេះមានការចូលរួមពី ឯកឧត្តម ងិន ណែលអភិបាលខេត្តរតនគិរីស្តីទី ព្រមទាំងអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងអភិបាលក្រុង ស្រុក ជាច្រើនរូបទៀត។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ទេសរដ្ឋមន្រ្ដី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងកោតសរសើរ និងបានវាយតម្លៃខ្ពស់ ចំពោះការចូលរួមចំណែកពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន ដែលធ្លាប់បានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាព ជូនប្រទេសជាតិ និងប្រជាជនកម្ពុជាកាលពីអតីតកាល។ ក្នុងនោះសមាគមអតីតយុទ្ធជនខេត្តរតនគិរី ក៏បានបំពេញតួនាទីភារកិច្ច របស់ខ្លួនយ៉ាងល្អប្រសើរ ហើយទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលនឹងត្រូវធ្វើការសាងសង់នាពេលនេះ នឹងក្លាយជាទីតាំងដ៏មានសារៈសំខាន់បំផុត សម្រាប់ការបំពេញការងារប្រចាំថ្ងៃរបស់សមាគម។

នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម បានលើកឡើងបញ្ជាក់ថា ការផ្តល់អត្ថប្រយោជន៍ទៅដល់បងប្អូនដែលជាអតីតយុទ្ធជន ពិតជាមានសារៈសំខាន់ណាស់ ព្រោះថា បងប្អូនអតីតយុទ្ធជន មានគុណូបការៈដ៏ឧត្តុង្គឧត្តម និងពលីកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ និងលះបង់អាយុជីវិត ដើម្បីបុព្វហេតុជាតិ មាតុភូមិ នាំមកនូវសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបន្តថា ដើម្បីឆ្លើយតបទៅនឹងគុណចំណាច់របស់អតីតយុទ្ធជន ដែលមានចំពោះជាតិ និងប្រជាជន រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាច្រើន ក្នុងការគាំទ្រដល់សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនជាអតីតយុទ្ធជន ដូចជាការផ្តល់បណ្ណ ប.ស.ស. ដែលពួកគាត់អាចទទួលបានការថែទាំសុខភាពដោយឥតគិតថ្លៃ នៅតាមបណ្តាមន្ទីរពេទ្យរដ្ឋ និងឯកជនមួយចំនួន។ ផ្តល់ឱកាសឱ្យបងប្អូនអតីតយុទ្ធជន អាចចូលរួមក្នុងសង្គម តាមរយៈតួនាទីមួយចំនួនក្នុងមូលដ្ឋាន ហើយលើសពីនេះ ក៏បានផ្តល់ជាអាហារូបករណ៍ និងជាពិសេសផ្តល់ឱកាសជាអាទិភាព ដល់កូនចៅអតីតយុទ្ធជន បានចូលបំរើការងារកងទ័ព បន្តវេនពីឪពុកម្តាយផងដែរ។

ជាមួយគ្នានោះនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលលោកតែងតែមិនភ្លេចឡើយ ចំពោះបងប្អូនដែលជាអតីតយុទ្ធជនរបស់យើង។

នៅក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា ក៏បានចែកអំណោយ ជូនគ្រួសារអតីតយុទ្ធជន ចំនួន៥១គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបាន ទឹកត្រី០១យួរ ត្រីខ០១យួរ ប៊ីចេង០១កញ្ចប់ អំបិល០១ កញ្ចប់ មី០១កេសតូចអង្ករ២៥គីឡូក្រាម និងថវិកា៥ម៉ឺនរៀល៕









Powered by Blogger.