ត្រាំ កោះប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ ក្រោយអ៊ីស្រាអែលវាយអ៊ីរ៉ង់

 ប្រភព៖ AFP

វ៉ាស៊ីនតោន៖ សេតវិមានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិ នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែមិថុនា (ម៉ោងនៅវ៉ាស៊ីនតោ) បន្ទាប់ពីអ៊ីស្រាអែល បានបើកការវាយប្រហារប្រឆាំងអ៊ីរ៉ង់ ដោយបង្កឱ្យមានការភ័យខ្លាចពីហានិភ័យផ្ទុះសង្រ្គាមក្នុងតំបន់ទាំងមូល។

សេតវិមាន បានឱ្យដឹងថាលោក ត្រាំ ដែលមិនទាន់ធ្វើអត្ថាធិប្បាយអ្វីឡើយចំពោះការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ីស្រាអែល នឹងត្រូវចូលរួមប្រជុំជាមួយក្រុមមន្ត្រីសន្តិសុខកំពូលៗទាំងអស់ របស់រដ្ឋាភិបាលអាមេរិក នៅម៉ោង ១១៖០០នាទីព្រឹក ថ្ងៃសុក្រ នៅបន្ទប់ Situation Room នៃសេតវិមាន។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាសហរដ្ឋអាមេរិកមិនបានចូលរួមនៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់នោះទេ និងបានព្រមានតេហេរ៉ង់កុំឱ្យវាយប្រហារលើផលប្រយោជន៍ ឬមូលដ្ឋានទ័ពរបស់អាមេរិកក្នុងតំបន់៕



Powered by Blogger.