ប្រធានស្តីទីព្រឹទ្ធសភា៖ ការកែទម្រង់ត្រូវពិនិត្យមើលលើទិដ្ឋភាពប្រាំគឺ សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងបរិស្ថាន
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ប្រធានស្ដីទីព្រឹទ្ធសភា បានអញ្ជើញថ្លែងសុន្ទរកថាបិទ ក្នុងវេទិកាផ្សព្វផ្សាយស្តីពី “ការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន”នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងអំពីគោលនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្រ្តី ដែលបានបណ្តុះនូវស្មារតី និងទម្លាប់ឱ្យមានការកែទម្រង់គឺ “កែទម្រង់រស់ មិនកែទម្រង់ស្លាប់”។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត បានទាញការចាប់អារម្មណ៍ជូនអង្គសិក្ខាសាលនូវប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកកន្លងមកអំពីការបន្តកែទម្រង់ និងការបន្ថែមអភិក្រម ៥R សម្រាប់ការដឹកនាំគ្រប់គ្រងមន្រ្តីរាជការនោះគឺ Retain (ថែរក្សាមន្រ្តី) Retrain (បណ្តុះបណ្តាលមន្រ្តីឡើងវិញ) Reassign (ពង្រាយមន្រ្តីឡើងវិញ) Retrench (កាត់បន្ថយមន្រ្តី) Recruit (ជ្រើសរើសមន្រ្តីថ្មី)។
ឯកឧត្តមបណ្ឌិត ក៏មានប្រសាសន៍កោតសរសើរ ក្រសួងមុខងារសធារណៈ ដែលដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អំពីការធ្វើកំណែទម្រង់ប្រកបដោយប្រសិទ្ធភាព ពិសេស ការប្រឡងជ្រើសរើសមន្រ្ដីរាជការ ប្រកបដោយភាពសុក្រឹត និងយុតិ្តធម៌ ដែលនាំឱ្យមានការគាំទ្រ ពីប្រជាពលរដ្ឋ។
ឯកឧត្តមបណ្ឌិត បានផ្ដល់ជាទស្សនៈ អំពីការកែទម្រង់ត្រូវពិនិត្យមើលលើទិដ្ឋភាពចំនួនប្រាំគឺ សេដ្ឋកិច្ច នយោបាយ សង្គម វប្បធម៌ និងបរិស្ថាន ដើម្បីបង្កើនប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពចំពោះប្រជាពលរដ្ឋ។
Post a Comment