ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលេចអំពីការអនុវត្តវិធានការគន្លឹះទាំង៣ក្នុងកំណែទម្រង់រដ្ឋបាលសាធារណៈ
ភ្នំពេញ៖ គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈនិងកិច្ចការព្រំដែន នៃរដ្ឋសភានិងក្រសួងមុខងារ សាធារណៈ នាព្រឹកថ្ងៃទី២៩ខែមេសា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពិនិត្យឡើងវិញ និងការវិភាគ មុខងារ និងរចនា សម្ព័ន្ធក្រសួង-ស្ថាប័ន ក្នុងគោលបំណងអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់គុណភាពការងារនិង ពង្រឹងសមត្ថភាព។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់អញ្ជើញជាអធិបតីក្នុងពិធីបើកនិងថ្លែងសុន្ទរកថាគន្លឹះដល់អង្គសិក្ខាសាលានាវិមានរដ្ឋសភា។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនិងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.)ក៏បានថ្លែងសុន្ទរកថាគន្លឹះលើកឡើងពីវឌ្ឍនភាព ការគ្រប់គ្រង ការដឹកនាំ ការអភិឌ្ឍវិស័យគ្រប់គ្រងសាធារណៈ និង ការងារកែទម្រង់រដ្ឋបាលសាធារណៈជាពិសេសការអនុវត្តការងារពិនិត្យឡើងវិញ ការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានរំលេចជូនអង្គសិក្ខាសាលាស្តីអំពីការអនុវត្តវិធានការគន្លឹះទាំងបីក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺ៖ ទី១)ការដាក់ឱ្យអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ននិងប្រសិទ្ធភាព ទី២)ការពង្រឹងសមត្ថភាព និងសមិទ្ធកម្មស្ថាប័នដើម្បីលើកកម្ពស់គុណភាព ការងារប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព និងទី៣)ការដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម ប្រកបដោយសង្គតិភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ទាក់ទងនឹងវិធានការគន្លឹះទី១ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ជាលទ្ធផលនៃការកែទម្រង់ការប្រឡងជ្រើសរើសមន្ត្រីរាជការស៊ីវិល ក្រសួង មុខងារសាធារណៈបានសហការជាមួយក្រសួង ស្ថាប័នសាមី និងអង្គភាពប្រឆាំង អំពើពុករលួយអនុវត្តការប្រឡងប្រជែងជ្រើសរើសមន្ត្រី ផ្អែកលើនិយាមនីតិវិធីប្រតិបត្តិ ថ្មីរបស់រាជរដ្ឋាភិបាល ចំនួន ៤២ លើក ដែលមានបេក្ខជនប្រមាណ ១២ ម៉ឺននាក់ ដោយបានជ្រើសរើសជ័យលាភីចំនួន ៤,១៩៧នាក់ ទៅបំពេញការងារនៅក្រសួង ស្ថាប័នចំនួន៨។
ក្នុងស្មារតីនៃការកែទម្រង់នេះ រាជរដ្ឋាភិបាលបានលើកកម្ពស់យុត្តិធម៌សង្គម កាន់តែប្រសើរ តាមរយៈការផ្តល់ឱកាសស្មើគ្នា និងច្រើនដងដល់យុវជនពីគ្រប់មជ្ឈដ្ឋាន ដើម្បីសម្រេចប្រាថ្នារបស់ខ្លួន ក្នុងការក្លាយជាមន្ត្រីរាជការ ដោយយកសមត្ថភាពជាគោល និងទទួលបានការធានាដ៏មុតមាំពីរាជរដ្ឋាភិបាល គឺ «ជាប់ដោយ មោទនៈ និងធ្លាក់ដោយអស់ចិត្ត»។
បន្ថែមលើវិធានការជាក់ស្តែងនៃការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រីរាជការ ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំរួចរាល់នូវសេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការជ្រើសរើសនិងគ្រប់គ្រប់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារដែលជាយន្តការថ្មីបន្ថែមទៀតដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារស្របតាមការតម្រង់ទិសពីប្រមុខរាជរដ្ឋាភិបាល ព្រមទាំងបាននិងកំពុងរៀបចំផងដែរ នូវលិខិតបទដ្ឋានពាក់ព័ន្ធនឹងការកំណត់មុខ តំណែង និងការរៀបចំពិពណ៌នាមុខតំណែងវិជ្ជាជីវៈមន្ត្រីសម្រាប់ក្រសួង ស្ថាប័ន វិស័យ អប់រំ និងវិស័យសុខាភិបាលដើម្បីគាំទ្រដល់ការកែលម្អប្រព័ន្ធគ្រប់គ្រងមន្ត្រីក្នុងវិស័យសាធារណៈឱ្យឆ្លើយតបនឹងការវិវត្តនៃសង្គមសេដ្ឋកិច្ចរបស់កម្ពុជា។
ពាក់ព័ន្ធនឹងវិធានការគន្លឹះទី២ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានមានប្រសាសន៍ថា៖ដើម្បីកសាងរដ្ឋបាលសាធារណៈដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំឆ្លើយតបបញ្ហាប្រឈម ក៏ដូចជាវិបត្តិនានា ក្រសួងមុខងារសាធារណៈ ក្រោមការ ដឹកនាំ ណែនាំ ចង្អុលបង្ហាញជាប្រចាំពីសម្តេចមហាបវរធិបតី បានសហការជាមួយក្រសួង ស្ថាប័ន ដើម្បីធ្វើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ ក្រសួងស្ថាប័នទាំង៣១ ចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ មក។
ឯកឧត្តមបានពន្យល់ថា៖ការងារវិភាគមុខងារ និងរចនាសម្ព័ន្ធ គឺជាការងារដែលមានលក្ខណៈស្មុគស្មាញ ដែលត្រូវការការពិនិត្យវាយតម្លៃជារួមលើរចនាសម្ព័ន្ធ និងមុខងារនៅក្នុងក្រសួង ស្ថាប័ន នីមួយៗ ព្រមទាំងបន្ស៊ីភាពប្រទាក់ក្រឡារវាងក្រសួងស្ថាប័ន ដែលទាមទារការឯកភាពជាទស្សនៈ និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ក្នុងនោះសម្តេចធិបតី ក៏បានលើកឡើងថា៖ “គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ កំណែទម្រង់ដែលជោគជ័យផ្អែកលើកត្តាសំខាន់បួន៖ ១. ចក្ខុវិស័យច្បាស់លាស់, ២. ការប្តេជ្ញាចិត្តខ្ពស់, ៣. ការចូលរួមដោយស្មោះត្រង់, និង ៤. ការលះបង់”។
ឯកឧត្តមបានគូសបញ្ជាក់ថា៖«ដើម្បីអនុវត្តការងារនេះឱ្យសម្រេចបានជោគជ័យ ក្រសួងមុខងារសាធារណៈ បានរៀបចំបទដ្ឋានគតិយុត្តិ យន្តការ និងវេទិកាពិគ្រោះយោបល់ជាបន្តបន្ទាប់ ដើម្បីបង្កើនការយល់ដឹងពីគ្នា ការចូលរួម ពង្រឹង និងពន្លឿនកិច្ចសហការអន្តរវិស័យ ក្នុងនោះ ក្រសួងមុខងារសាធារណៈ បានធ្វើការកម្រិតបច្ចេកទេស និងកម្រិតនយោបាយ បច្ចេកទេស សម្រាប់អនុវត្តការងារនេះ ហើយក្រសួងមុខងារសាធារណៈ ក៏បានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយឱ្យទូលំទូលាយដល់មន្ត្រីរាជការគ្រប់កម្រិត អំពីគោលបំណង ភាពចាំបាច់ និងផលប្រយោជន៍នៃការវិភាគមុខងារ សម្រាប់ក្រសួងស្ថាប័នសាមីផ្ទាល់ និងរាជរដ្ឋាភិបាលជារួម»។
សិក្ខាសាលានេះ រៀបចំបានចំនួន ២៤ ក្រសួង ស្ថាប័ន ហើយគ្រោងនឹងបន្តចុះ ឱ្យគ្រប់ក្រសួង ស្ថាប័នទាំង៣១ ឱ្យបានរួចរាល់ត្រឹមឆមាសទី១ ឆ្នាំ២០២៥ នេះ។
ទន្ទឹមនឹងនេះ ក្រសួងមុខងារសាធារណៈ ក៏បានដឹកនាំ សម្របសម្រួល កិច្ច ពិភាក្សាអន្តរក្រសួងលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួង ស្ថាប័ន ចំនួន ១០ ដោយឈរលើស្មារតី ២សំខាន់ (១) អនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវអភិក្រម «ពង្រឹងជាជាងពង្រីក និងរៀបចំផ្ទះរបស់ខ្លួនឱ្យបានរៀបរយ (២) ពង្រឹង ការអនុវត្តអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏ បានដាក់ឱ្យអនុវត្តកាលពីខែមីនា ឆ្នាំ២០២៥ ថ្មីៗនេះ នូវសារាចរស្តីពីការកំណត់ និង ការអនុវត្តមុខងារ នៅតាមក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ ដែលតម្រូវឱ្យ ក្រសួងស្ថាប័ននីមួយៗ ត្រូវតាក់តែងមុខងារស្នូល មុខងាររង មុខងារគាំទ្រ និងរៀបចំ រចនាសម្ព័ន្ធឆ្លើយតបឱ្យបានច្បាស់លាស់។
ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ដើម្បីរៀបចំរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ឱ្យមានភាពស៊ីសង្វាក់ និងប្រទាក់ក្រឡាគ្នា ក្រសួងមុខងារសាធារណៈ បាន និងកំពុងសហការជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងក្រសួងផែនការ ក្នុងការរៀបចំមុខងារគាំទ្រដែលមានខ្លឹមសាររួមសម្រាប់ គ្រប់ក្រសួង ស្ថាប័ន លើ (១) ផ្នែករដ្ឋបាល និងធនធានមនុស្ស (២) ផ្នែកហិរញ្ញវត្ថុ សាធារណៈ និងសវនកម្មផ្ទៃក្នុង និង (៣) ផ្នែកផែនការ និងស្ថិតិ ដើម្បីធានាសង្គតិភាព នៃការអនុវត្តក្នុងរដ្ឋបាលសាធារណៈជារួម។
បន្ថែមពីនេះ ក្រសួងមុខងារសាធារណៈ បានអនុវត្តការធ្វើបច្ចុប្បន្នភាពរចនា សម្ព័ន្ធ និងទិន្នន័យមន្ត្រីរាជការ នៅតាមក្រសួង ស្ថាប័ន និងក្នុងវិស័យអប់រំ និងវិស័យ សុខាភិបាលនៅថ្នាក់ក្រោមជាតិ ជំហានទី១ និងកំពុងត្រៀមរៀបចំការដាក់ឱ្យអនុវត្ត យុទ្ធនាការចំនួន ៣ នាពេលខាងមុខ៖ (១) ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើ ជំរឿនមន្ត្រីជាក់ស្តែងនៅ រចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ (២) ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅរចនាសម្ព័ន្ធ នៃគ្រឹះស្ថានអប់រំមូលដ្ឋាន ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា (សាលាមត្តេយ្យ សិក្សា សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ) និង (៣) ការធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង នៅរចនាសម្ព័ន្ធ នៃអង្គភាពសុខាភិបាល ក្រោមឱវាទក្រសួងសុខាភិបាល (ប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែកផ្តល់ សេវាសំណុំសកម្មភាពបង្គ្រប់កម្រិត ១ និងមន្ទីរពេទ្យបង្អែកផ្តល់សេវាសំណុំសកម្មភាព បង្គ្រប់កម្រិត ២) ស្របតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានមានប្រសាសន៍ថា៖ ក្រសួងមុខងារសាធារណៈ បានដាក់ឱ្យអនុវត្តប្រព័ន្ធលើកទឹកចិត្តគាំទ្រសមិទ្ធកម្ម នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ដោយអនុវត្តក្នុងក្របខណ្ឌលេខាធិការដ្ឋានគណៈកម្មាធិការ ជាតិ (គ.វ.វ.) និងអនុគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិ (គ.វ.រ.) និង គម្រោងនានាក្នុងក្របខណ្ឌនៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្រសួងមុខងារសាធារណៈ ក៏បានរៀបចំសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រព័ន្ធលើក ទឹកចិត្តគាំទ្រសមិទ្ធកម្មក្នុងរដ្ឋបាល សាធារណៈ ដើម្បីជំរុញ និងលើកកម្ពស់ប្រសិទ្ធភាព និងសមិទ្ធផលការងារនៅតាមក្រសួង ស្ថាប័ន ដោយសេចក្តីព្រាងអនុក្រឹត្យនេះ បានដាក់ឆ្លងកិច្ចប្រជុំអនុគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការជាតិ (គ.វ.វ.),កិច្ចប្រជុំអន្តរក្រសួងបច្ចេកទេសជាច្រើនលើកនិងកិច្ចប្រជុំលេខាធិការដ្ឋាននៃគណៈកម្មាធិ ការជាតិ (គ.វ.រ.) នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ៕
Post a Comment