មេដឹកនាំ EU នឹងបង្កើនការចំណាយលើវិស័យការពារជាតិ និងគាំទ្រអ៊ុយក្រែន
ប្រភព៖ Reuters
ប្រ៊ុចសែល៖ ក្នុងកិច្ចប្រជុំកំពូលមួយនៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំសហភាពអឺរ៉ុប (EU) ត្រូវបានគេរំពឹងថានឹងអនុម័តលើការបង្កើនការចំណាយលើវិស័យការពារជាតិរបស់ប្លុក និងបញ្ជាក់ឡើងវិញពីការគាំទ្ររបស់ខ្លួនចំពោះប្រទេសអ៊ុយក្រែន។
ការសម្រេចចិត្តនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក
ដូណាល់ ត្រាំ បានផ្អាកជំនួយយោធាដល់អ៊ុយក្រែន ដែលបង្កឲ្យមានក្តីបារម្ភថា
EU
មិនអាចពឹងលើការការពារពីអាមេរិកបានទាំងស្រុងទៀតទេ។ កិច្ចប្រជុំកំពូលនេះទៀតសោតធ្វើឡើងចំពេលដែលមានការផ្លាស់ប្តូរគោលនយោបាយការពារជាតិដ៏សំខាន់នៅអឺរ៉ុប
ដោយសារការព្រួយបារម្ភថារុស្ស៊ីអាចនឹងវាយប្រហារប្រទេសសមាជិក EU បន្ទាប់ពីសង្គ្រាមនៅអ៊ុយក្រែន
ហើយថាអឺរ៉ុបមិនអាចពឹងផ្អែកលើជំនួយពីសហរដ្ឋអាមេរិកបានទៀតទេ។
ប្រធានាធិបតីអ៊ុយក្រែន Volodymyr
Zelenskiy នឹងចូលរួមក្នុងកិច្ចប្រជុំកំពូលជាមួយមេដឹកនាំនៃប្រទេសសមាជិក
EU ទាំង ២៧។ ទោះជាយ៉ាងណា មេដឹកនាំជាតិនិយមហុងគ្រី លោក Viktor
Orban ដែលជាសម្ព័ន្ធមិត្តរបស់លោក Trump អាចនឹងប្រើសិទ្ធិវេតូលើសេចក្តីថ្លែងការណ៍រួមដែលគាំទ្រអ៊ុយក្រែន។
ម្យ៉ាងវិញទៀត បើទោះបីជាកិច្ចប្រជុំកំពូល
នឹងបង្ហាញពីការគាំទ្រផ្នែកពាក្យសម្ដី
និងផែនការសម្រាប់ការបង្កើនការចំណាយលើវិស័យការពារជាតិក៏ដោយ ក៏ EU មិនត្រូវបានគេរំពឹងថានឹងអាចជំនួសជំនួយរបស់សហរដ្ឋអាមេរិកទាំងស្រុងបានដែរ។
តាមតួលេខរបស់អង្គការណាតូ វ៉ាស៊ីនតោនបានផ្តល់ជំនួយយោធាដល់អ៊ុយក្រែនជាង
៤០ភាគរយ កាលពីឆ្នាំមុន
ដែលមួយចំនួនក្នុងនោះអឺរ៉ុបមិនមានសមត្ថភាពផ្គត់ផ្គង់បានដោយងាយនោះទេ។
ក្នុងសុន្ទរកថាទៅកាន់ប្រជាជាតិបារាំងមុនកិច្ចប្រជុំកំពូល
ប្រធានាធិបតីបារាំង Emmanuel Macron បានលើកឡើងពីសារៈសំខាន់នៃការត្រៀមខ្លួនរបស់អឺរ៉ុបក្នុងករណីដែលសហរដ្ឋអាមេរិកមិនអាចបន្តគាំទ្របាន។
លោកថែមទាំងបានលើកឡើងពីលទ្ធភាពនៃការពិភាក្សាអំពីការពង្រីកការការពារដែលផ្ដល់ដោយឃ្លាំងអាវុធនុយក្លេអ៊ែររបស់បារាំងដល់ដៃគូអឺរ៉ុបរបស់ខ្លួន៕
Post a Comment