រដ្ឋបាលស្រុកអូររាំង និង WHI រៀបចំការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជម្រើសជើងឯកថ្នាក់ស្រុកប្រចាំឆ្នាំ២០២៤-២០២៥

អត្ថបទ៖ ជឹម ទូច

ខេត្តមណ្ឌលគិរី៖ រដ្ឋបាលស្រុកអូររាំង សហការជាមួយអង្គការសេចក្តីសង្ឃឹមពិភពលោកអន្តរជាតិ ប្រចាំនៅខេត្តមណ្ឌលគិរី (WHI) បានរៀបចំការប្រកួតកីឡាសិស្សបឋម និងមធ្យមសិក្សាជម្រើសជើងឯកថ្នាក់ស្រុកប្រចាំឆ្នាំ២០២៤-២០២៥ ក្រោមវត្តមានលោក អ៊ិន កាំ អភិបាលរងស្រុក តំណាងលោក សៀក មុន្នី អភិបាលស្រុកអូររាំង លោក ប្រធានក្រុមប្រឹក្សាស្រុក តំណាងមន្ទីរអប់រំយុវជន និងកីឡាខេត្ត រួមទាំងមន្រ្តីរាជការ អង្គការដៃគូរ និងប្អូនៗ ក្មួយៗកីឡាករ កីឡាការនឹ ប្រជាពលរដ្ឋជាច្រើនរូប ដែលប្រព្រឹត្តទៅនៅបរិវេណវិទ្យាល័យអូររាំង និងសាលាបឋមសិក្សាពូហ្យាម ស្ថិតនៅឃុំសែនមនោរម្យ ស្រុកអូររាំង នាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥។

លោក អ៊ិន កាំ អភិបាលរងស្រុកអូររាំង បានថ្លែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកគ្រូ អ្នកគ្រូ និងក្មួយៗ កីឡាករ កីឡាការនី ដែលបានខិតខំយកចិត្ត ទុកដាក់ក្នុងការហ្វឹកហាត់ទាំងកម្លាំងកាយចិត្ត ដើម្បីត្រៀមការប្រកួតកីឡាជម្រើសជើងឯកថ្នាក់ស្រុកនាពេលនេះ សូមបញ្ជាក់ដែរថា ការប្រកួតនៅពេលនេះ សូមអនុវត្តទៅតាមលក្ខណៈ បច្ចេកទេស ប្រកបដោយក្រមសីលធម៌គ្មានអំពើហឹង្សា គោរពគោលការណ៍ណែនាំរបស់គណៈ កម្មការរៀបចំការប្រកួត។ លោកបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំនៃរដ្ឋបាលស្រុក ពិតជាមានមោទភាពណាស់ ចំពោះការរៀបចំការ ប្រកួតនេះ សង្ឃឹមថា កីឡាករ កីឡាការនីទាំងអស់ នឹងខិតខំយកចិត្តទុកដាក់អស់កម្លាំងកាយចិត្ត ដើម្បីដណ្ដើមជ័យជំនះតាមរយៈបច្ចេកទេសរៀងៗខ្លួន និងទទួលបានលទ្ធផលល្អ ដើម្បីឈានប្រកួតថ្នាក់ខេត្ត និងថ្នាក់ជាតិ នាពេលខាងមុខ។ 

លោកបន្ថែមថា គោលបំណងនៃការប្រកួតកីឡានាពេលនេះ គឺដើម្បីរួមចំណែកក្នុងការផ្សព្វផ្សាយព័ត៌មាន ដល់មាតាបិតាអាណាព្យាបាលសិស្ស និងសហគមន៍ទាំងមូល ព្រមទាំងអាជ្ញាធម៌ពាក់ព័ន្ធ ក្មួយៗ សិស្សានុសិស្ស ឱ្យបានយល់ពីតម្លៃនៃការសិក្សា ព្រោះការសិក្សាមិនមែនផ្តោតទៅលើការរៀនអក្សរសាស្ត្រតែមួយមុខនោះទេ គឺមានធាតុផ្សំយ៉ាងច្រើន ដើម្បីក្លាយជាប្រធានបទអប់រំមួយ ហើយស្របទៅនិងបាវចនារបស់ក្រសួងគឺ អប់រំ យុវជន និងកីឡា។

លោកអភិបាលរងស្រុក បានសំដែងនូវការអរគុណដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបង្ហាត់បង្រៀនដល់ប្អូនៗ ក្មួយៗ ឱ្យចេះលេងកីឡាដើម្បីសុខភាព ហើយប្អូនៗក្មួយៗទាំងអស់ ត្រូវចៀសឱ្យឆ្ងាយពីអំពើឧបាយមុខផ្សេងៗ ដូចជា គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទ ក្មេងទំនើង ហើយត្រូវរក្សាឲ្យបាននូវកូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ និងក្លាយជាទំពាំងស្នងឫស្សីនៅថ្ងៃអនាគត៕










Powered by Blogger.