ទិវាអន្តរជាតិនារី ៨ មីនា, រដ្ឋមន្រ្តី អ៊ាង សុផល្លែត ជំរុញឱ្យមានការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំងលើគ្រប់រូបភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥» ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប» នៅទីស្តីការក្រសួងបរិស្ថាន។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា «ទិវាអន្តរជាតិនារី ៨មីនា» គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីរំលឹកដល់ដល់គុណតម្លៃស្រ្តីគ្រប់រូប ដែលជាមាតា ជាភរិយា ក្នុងជីវភាពរស់នៅក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ហើយជាវេទិកាដែលជំរុញឱ្យមានការគិតគូរដល់ស្ត្រីឱ្យកាន់តែខ្លាំង និងដោះស្រាយបញ្ហាប្រឈមរបស់នារីទាំងនេះឱ្យកាន់តែមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តល់អាទិភាពខ្ពស់ ដល់ស្ត្រី លើគ្រប់រូបភាព សង្គម នយោបាយ ជាពិសេស ការអភិវឌ្ឍសមត្ថភាព ការចូលរួមគ្រប់សកម្មភាព ដោយបានកំណត់ច្បាស់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងផែនការសកម្មភាពនានា តាមរយៈការបន្តជំរុញ និងលើកកម្ពស់បន្ថែមទៀត ដល់តួនាទីរបស់ស្រ្តីនៅក្នុងសង្គមជាតិ និងផ្តល់តម្លៃខ្ពស់ដល់តួនាទីរបស់ស្រ្តី ក្នុងការចូលរួមអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងពីស្នាដៃស្រ្តីនៃក្រសួងបរិស្ថាន ក្នុងការអនុវត្តសកម្មភាពរបស់ខ្លួនក្នុងការងារសង្គម ជាពិសេសការជំរុញឱ្យកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នាមាន«ភាពស្អាត ភាពបៃតង និងការរស់នៅដោយចីរភាព»។
សូមបញ្ជាក់ថា នាពេលកន្លងមក ស្រ្តីក្នុងក្រសួងបរិស្ថាន ទាំងស្រ្តីជាថ្នាក់ដឹកនាំ ស្រ្តីជាមន្រ្តីរាជការ ស្រ្តីជាមន្រ្តីឧទ្យាននុរក្ស ក្រុមគ្រួសារបរិស្ថាន ទទួលបានការលើកទឹកចិត្ត គាំពារ និងគាំទ្រទាំងសមត្ថភាព តួនាទី និងភារកិច្ច ព្រមទាំងបានទទួលការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបានចូលរួមសកម្មភាពសង្គម ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងគោលនយោបាយនានារបស់រាជរដ្ឋភិបាល៕











Powered by Blogger.