សម្តេចធិបតី៖ ទោះមានស្លាកស្នាមជំងឺរាតត្បាត និងស្មុគស្មាញផ្នែកភូមិសាស្ត្រនយោបាយ តែគន្លងសេដ្ឋកិច្ចអាស៊ាននៅតែរឹងមាំ និងធន់
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាមានស្លាកស្នាម នៃជំងឺរាតត្បាត និងភាពស្មុគស្មាញ ផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ ក៏គន្លងសេដ្ឋកិច្ចអាស៊ាន នៅតែមានភាពរឹងមាំ និងភាពធន់ ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥ ។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់
បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ
“ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម”
ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា
វឌ្ឍនភាពធុរកិច្ចអាស៊ាន ដែលត្រូវបានគាំទ្រដោយពាណិជ្ជកម្មដ៏រឹងមាំ
ទាំងក្នុងនិងក្រៅតំបន់អាស៊ាន និងបរិយាកាសអំណោយផលដល់ការវិនិយោគ បានធ្វើឱ្យតំបន់នេះ
ក្លាយជាមជ្ឈមណ្ឌលជាយុទ្ធសាស្ត្រ សម្រាប់រំហូរមូលធនពិភពលោក ។ សមិទ្ធផលទាំងនេះ
បានប្រែក្លាយជាកាលានុវត្តភាពជាក់ស្តែង សម្រាប់វិនិយោគិន ដែលស្វែងរកកំណើន
និងស្ថិរភាពយូរអង្វែង ។
ក្នុងនោះសម្តេចធិបតី កត់សម្គាល់ថា តម្លៃ
និងភាពជោគជ័យរបស់ធុរកិច្ចអាស៊ាន គឺផ្អែកលើពហុភាគីនិយម និងកុងសង់ស៊ីស (Consensus)
។ ជាមួយនឹងបាវចនា «ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ, សហគមន៍មួយ», រដ្ឋជាសមាជិកទាំងអស់, បូករួមទាំងកម្ពុជា, បានប្តេជ្ញាចិត្ត ក្នុងការសម្រេចឱ្យបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន
ដើម្បីនាំមកនូវវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច ពិតប្រាកដ សម្រាប់សហគមន៍របស់យើងទាំងមូល ។
កិច្ចខិតខំប្រឹងប្រែងរួមនេះ អនុញ្ញាតឱ្យអាស៊ាន ឆ្លងផុតបញ្ហាប្រឈមសេដ្ឋកិច្ចតំបន់
និងសកល និងភាពមិនប្រាកដប្រជាខ្ពស់ ។
សម្តេចធិបតី គូសបញ្ជាក់ថា “ជាក់ស្តែង
ទោះបីជាមានស្លាកស្នាម នៃជំងឺរាតត្បាត និងភាពស្មុគស្មាញ ផ្នែកភូមិសាស្ត្រនយោបាយក៏ដោយ
ក៏គន្លងសេដ្ឋកិច្ចអាស៊ាន នៅតែមានភាពរឹងមាំ និងភាពធន់
ហើយត្រូវបានព្យាករណ៍ថានឹងសម្រេចបានកំណើន ក្នុងអត្រា ៤,៨% ក្នុងឆ្នាំ ២០២៥ (AMRO, ខែ មករា ឆ្នាំ ២០២៥)” ។
បន្ថែមលើនេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី
បញ្ជាក់ថា តំបន់អាស៊ានកំពុងបន្តផ្តល់អាទិភាព ដល់គំនិតផ្តួចផ្តើមជាយុទ្ធសាស្រ្ត
ដើម្បីទាញយកប្រយោជន៍ពីកាលានុវត្តភាព ដែលកំពុងលេចឡើងថ្មីៗ
និងដោះស្រាយបញ្ហាប្រឈមនាអនាគត ។ មូលដ្ឋានគ្រឹះនៃកិច្ចខិតខំប្រឹងប្រែងនេះ
គឺការបង្កើនការតភ្ជាប់អាស៊ាន, ដូចមានគូសរំលេចនៅក្នុង
ផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ ២០២៥ ដោយសង្កត់ធ្ងន់លើការតភ្ជាប់ដោយរលូន
ទាំងការដឹកជញ្ជូន, ពាណិជ្ជកម្ម, ការអប់រំ
និងវប្បធម៌ ដែលនឹងជួយបង្កើនភាពប្រកួតប្រជែង, លើកកម្ពស់បរិយាប័ន្ន,
និងពង្រឹងជំហររបស់អាស៊ាន ជាមហាអំណាចសេដ្ឋកិច្ច ដែលមានការរួបរួម៕
Post a Comment