សម្តេចធិបតី៖ សេដ្ឋកិច្ចកម្ពុជា បានកសាងកំណើនសេដ្ឋកិច្ចខ្ពស់ ច្រើនទសវត្សរ៍ក្នុងអត្រា ៧% មុនជំងឺរាតត្បាត និងកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់កម្ពុជា ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ ក្នុងអត្រាជាមធ្យម ៧% មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន ៦,៣% ក្នុងឆ្នាំ២០២៥ ។
ថ្លែងក្នុងឱកាសអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់
បើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា ឆ្នាំ២០២៥ ក្រោមប្រធានបទ
“ការពន្លឿនការតភ្ជាប់អាស៊ាន៖ មនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងពាណិជ្ជកម្ម”
ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានរំលេចថា ក្នុងនាមជារដ្ឋសមាជិកអាស៊ានតាំងពីឆ្នាំ
១៩៩៩មក កម្ពុជា គឺជាទីផ្សារដ៏មានសក្ដានុពលយ៉ាងខ្លាំង ។
សម្តេចធិបតី បានបញ្ជាក់ថា
មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង
ត្រូវបានកសាងឡើងនៅលើកំណើនសេដ្ឋកិច្ចខ្ពស់ជាច្រើនទសវត្សរ៍ ក្នុងអត្រាជាមធ្យម ៧%
មុនវិបត្តិនៃជំងឺរាតត្បាត ហើយកំពុងស្ថិតនៅលើមាគ៌ាដ៏រឹងមាំ
ដើម្បីត្រលប់ទៅរកសម្ទុះកំណើននេះវិញ ជាមួយនឹងការព្យាការណ៍ថា នឹងសម្រេចបានអត្រាកំណើន
៦,៣% ក្នុងឆ្នាំ ២០២៥ និងបន្តសម្រេចបានកំណើនក្នុងចន្លោះពី ៦% ទៅ ៧%
ក្នុងរយៈពេលមធ្យម” ។
សម្តេចធិបតី បានបញ្ជាក់បន្ថែមថា
ការសម្រេចបានសមិទ្ធផលដ៏រឹងមាំនេះ គឺដោយសារគោលនយោបាយ បើកចំហរបស់កម្ពុជា
ចំពោះពាណិជ្ជកម្ម និងការវិនិយោគអន្តរជាតិ ដែលផ្តល់នូវអត្ថប្រយោជន៍វិនិយោគជាយុទ្ធសាស្រ្ត, ជាមួយនឹងស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច, លទ្ធភាពចូលទៅកាន់ទីផ្សារធំទូលាយ,
និងក្របខ័ណ្ឌគតិយុត្ត ដែលកាន់តែប្រសើរឡើង ។
បន្ថែមលើនេះ សម្តេចធិបតី បានឱ្យដឹងថា
វិនិយោគិន ទាំងបរទេស និងក្នុងស្រុក បាននិងកំពុងទទួលបានផលប្រយោជន៍ ពីបរិយាកាសអំណោយផលដល់ប្រតិបត្តិការ
ប្រកបដោយសុវត្ថិភាព ដែលការណ៍នេះជួយកាត់បន្ថយហានិភ័យ បានជាអតិបរមា
និងធានាបាននូវនិរន្តភាពនៃធុរកិច្ច៕
Post a Comment