តួកគី ពិចារណាបញ្ជូនកងទ័ពទៅអ៊ុយក្រែនក្រោមកិច្ចព្រមព្រៀងសន្តិភាព
ប្រភព៖ Reuters
អង់ការ៉ា៖ ប្រទេសតួកគី ដែលមានកងទ័ពធំជាងគេទីពីរក្នុងអង្គការណាតូ (NATO) បន្ទាប់ពីសហរដ្ឋអាមេរិក អាចនឹងចូលរួមក្នុងបេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន ប្រសិនបើមានកិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។
ការលើកឡើងនេះកើតឡើងបន្ទាប់ពីមហាអំណាចយោធាអឺរ៉ុបដូចជា
អង់គ្លេស និងបារាំង បានពិភាក្សារួចហើយអំពីលទ្ធភាពនៃការដាក់ពង្រាយកងទ័ព
ដើម្បីតាមដានបទឈប់បាញ់នៅអ៊ុយក្រែន ក្រោយមានកិច្ចព្រមព្រៀងសន្តិភាព។
ទោះជាយ៉ាងណា សហរដ្ឋអាមេរិកបានបញ្ជាក់ថាខ្លួននឹងមិនបញ្ជូនកងទ័ពអាមេរិកទៅចូលរួមក្នុងបេសកកម្មនេះទេ។
ប្រភពដដែលបានបញ្ជាក់ថា
ការចូលរួមចំណែករបស់តួកគីក្នុងបេសកកម្មនេះនឹងត្រូវពិចារណា
ប្រសិនបើចាំបាច់ដើម្បីធានាស្ថិរភាព និងសន្តិភាពក្នុងតំបន់
ហើយនឹងត្រូវវាយតម្លៃដោយផ្អែកលើកិច្ចពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធ។
អ៊ុយក្រែនបានអះអាងថា
កិច្ចព្រមព្រៀងសន្តិភាពណាមួយត្រូវតែមានវត្តមានកងកម្លាំងដ៏រឹងមាំនៅនឹងកន្លែងដើម្បីធានាសន្តិសុខ។
រុស្ស៊ីបានបដិសេធរាល់ការដាក់ពង្រាយកងកម្លាំងណាតូ ប៉ុន្តែប្រធានាធិបតីអាមេរិក
ដូណាល់ ត្រាំ ជឿជាក់ថារុស្ស៊ីអាចនឹងយល់ព្រម។
ការពិភាក្សាអំពីការដាក់ពង្រាយកងទ័ពតួកគី
នៅតែស្ថិតក្នុងដំណាក់កាលពិចារណានៅឡើយ ដោយមិនទាន់មានការសម្រេចចិត្តចុងក្រោយនោះទេ
នេះបើតាមប្រភពពីប្រទេសតួកគី។ ប្រភពដដែលបានគូសបញ្ជាក់ថា បទឈប់បាញ់រវាងអ៊ុយក្រែន
និងរុស្ស៊ី គឺជាលក្ខខណ្ឌចាំបាច់មុន ហើយការដាក់ពង្រាយដំបូង
នឹងកំណត់ត្រឹមតែអង្គភាពមិនចូលរួមប្រយុទ្ធ ដើម្បីត្រួតពិនិត្យបទឈប់បាញ់ប៉ុណ្ណោះ។
តួកគីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយទាំងរុស្ស៊ី
និងអ៊ុយក្រែនតាំងពីដើមសង្គ្រាមមក ទោះបីជាតួកគីជាគូប្រជែងជាប្រវត្តិសាស្ត្ររបស់រុស្ស៊ីក៏ដោយ។
តួកគីបានបដិសេធមិនចូលរួមក្នុងការដាក់ទណ្ឌកម្មរបស់លោកខាងលិចប្រឆាំងនឹងរុស្ស៊ី
ហើយធ្លាប់បានសម្របសម្រួលកិច្ចព្រមព្រៀងរវាងអ៊ុយក្រែននិងរុស្ស៊ីកាលពីពេលកន្លងមក
ដូចជាកិច្ចព្រមព្រៀងអនុញ្ញាតឲ្យអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិតាមសមុទ្រខ្មៅ៕
Post a Comment