ឯកឧត្តម មុឹង កុម្ភៈ អំពាវនាវដល់កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត

 អត្ថបទ៖ មិន ភក្តី

ខេត្តស្វាយរៀង៖ ឯកឧត្តម មុឹង កុម្ភៈ អនុរដ្ឋលេខាធិកាក្រសួងការពារជាតិ ជាអនុប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកចន្ទ្រា និងប្រធានក្រុមការងារ ចុះមូលដ្ឋានឃុំសំរោងនៅព្រឹកថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២៤ បានអញ្ជើញចូលរួមក្នុងពិធីប្រគេនប្រកាសនីយប័ត្រ និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តបទុមរង្សី នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ឯកម៉ឹង កុម្ភៈបានថ្លែងថា ថ្ងៃនេះ ពិតជាមានសេចក្តីសោមន្សរីករាយយ៉ាងក្រៃលែងដែលបានចូលរួមប្រគេនប្រកាសនីយប័ត្រ និងស្រោចស្រពសុគន្ធវារី ប្រគេនព្រះចៅអធិការវត្តបទុមរង្សី នៅភូមិចេក ឃុំសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង នាពេលនេះ។ ក្នុងឱកាសថ្ងៃនេះដែរ ក៏ដើម្បីប្រគេនប្រកាសតួនាទីជាព្រះចៅអធិការជូនដល់ ព្រះអង្គ ស្រី ខេនផងដែរ។

ជាមួយគ្នានេះឯកឧត្តម មុឹង កុម្ភៈ បានសម្តែងនូវការកោតសសើរ ចំពោះ ព្រះតេជគុណ ព្រះចៅអធិការវត្ត ក៏ដូចជា គណៈកម្មការអាចារ្យវត្ត ពុទ្ធបរិស័ទ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ដែលបានការចូលរួមកសាងនូវ សេនាសានៈនិងហេដ្ឋរចនាសម្ព័ន្ធផ្សេងៗទៀតដែលបម្រើឲ្យវិស័យពុទ្ធចក្រនិងអាណាចក្រ។

ឯកឧត្តមបានគូសបញ្ជាក់ថា ប្រវត្តិ វត្តបទុមរង្សី ហៅវត្ត(ចេក) វត្តនេះបានចាប់ផ្តើម កសាងដំបូងនៅឆ្នាំ១៩១០ មានការដឹកនាំកសាងដោយ ព្រះគ្រូចៅអធិការការ ព្រះនាម អោក និង គ្រូសូត្រ ព្រះនាមសូ នៅលើដីមានចំការចេកជាច្រើន និងស្ថិតនៅភូមិចេកផង ព្រះសង្ឃនិងពុទ្ធបរិស័ទ ក៏ដាក់ឈ្មោះវត្តនេះថា វត្តចេក ហើយក៏ដាក់ឈ្មោះវត្តជាផ្លូវការថា វត្តបទុមរង្សី (មានន័យថា រស្មីចែងចាំង នៃផ្កាឈូក)។ 

ឯកឧត្តមបានបន្តថា ក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ វត្តបទុមរង្សី ហៅវត្ត(ចេក) ក៏បានរៀបចំកសាងឡើង វិញ ក្រោមការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេច ជា ស៊ីម សម្តេច ហេង សំរិន សម្តេច ហ៊ុន សែន ជាប្រមុខដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិ មានសុខសន្តិភាព មានជំនឿលើសាសនា វត្តបទុមរង្សី ក៏ដូចជាវត្តដទៃផ្សេងៗទៀត ក៏ចាប់ផ្តើមកសាងឡើងវិញ។

ឯកឧត្តមបានបន្ថែមថា នៅឆ្នាំ១៩៨៣ ព្រះចៅអធិការ ព្រះនាម ម៉ៅ នីម ហៅសុខ និមន្តមកពីកម្ពុជាក្រោម និងលោក អាចារ្យ សុខ យ៉ាង ដល់ឆ្នាំ២០១៣ រហូតដល់បច្ចុប្បន្ន ព្រះចៅអធិការ ព្រះនាម មិត្ត គានិត្យ ព្រះ ចៅអធិការ ព្រះនាម ស្រីខេន លោកគ្រូអាចារ្យ ជឿ ណាញ់ រួមជាមួយគណៈកម្មាបុទ្ធបរិស័ទក៏បាន ចាប់ផ្តើមកសាងវត្តនេះឡើងវិញ ក្រោមការឧបត្ថម្ភ ជ្រោមជ្រែងពីសំណាក់ លោកនាយឧត្តមសេនីយ៍ ម៉ឹង សំផន និងលោកស្រី យស់ ស៊ីមន ព្រមទាំងបុត្រាបុត្រីបានកសាងនូវសមិទ្ធិផលនានា ជាច្រើនសម្រាប់វត្តបទុមរង្សីមកដល់បច្ចុប្បន្ននេះ។

ក្នុងឱកាសនោះឯកឧត្តម មុឹង កុម្ភៈ បានអំពាវនាវដល់កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវចូល រួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ព្រោះថា គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព គឺជាកត្តាដ៏សំខាន់សម្រាប់បម្រើ ការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយ ភាពកក់ក្តៅ និងសុវត្ថិភាពខ្ពស់ ព្រមជាមួយគ្នានេះត្រូវអប់រំផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានទូលំទូលាយដល់កម្មករកម្មការិនីរោងចក្រ និងប្រជាពលរដ្ឋដើម្បីគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ជៀសផុតពីគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុផងដែរ៕












Powered by Blogger.