ថ្នាល«បណ្តុះកូនឈើ»ខ្នាតតំបន់ទី២នឹងសម្ពោធបើកការដ្ឋាននៅក្នុងពេលឆាប់ៗខាងមុខនៅក្នុងឧទ្យានព្រះជ័យវរ្ម័ននរោត្តម «ភ្នំគូលែន»
ភ្នំពេញ៖ ថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ទី២ ទំហំប្រមាណ១០ហិកតា និងអាចមានសមត្ថភាពផលិតកូនឈើ ចំនួនប្រមាណ៣លានដើម ក្នុងមួយឆ្នាំ នឹងលេចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ នៅក្នុងភូមិសាស្រ្តឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម«ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប។ ប្លង់គោលសាងសង់ថ្នាល«បណ្តុះកូនឈើ»នេះ ត្រូវបានរៀបចំឡើងរួចរាល់ហើយ ក្រោមគំនិតផ្តួចផ្តើមរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងគ្រោងសម្ពោធបើកការដ្ឋានសាងសង់នៅក្នុងដើមឆ្នាំ ឆ្នាំ២០២៥។
នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំងរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតំបន់ដ៏ធំមួយនេះ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថាក្រសួបរិស្ថាន រៀបចំបង្កើតថ្នាលបណ្តុះកូនឈើខ្នាតតំបន់នេះ ដើម្បីជួយពង្រីកវិសាលភាពគម្របបៃតង តាមរយៈការរួមចំណែកដាំដើមឈើពីប្រជាពលរដ្ឋគ្រប់ទីកន្លែងទូទាំងប្រទេស ឈានឆ្ពោះទៅអនាគតកម្ពុជា មានគម្របព្រៃឈើច្រើន និងជាប្រទេសអព្យាក្រឹតកាបូន នៅឆ្នាំ២០៥០។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមថា ថ្នាលបណ្ដុះកូនឈើថ្នាក់តំបន់ទី២ ក្នុងសៀមរាបមានទំហំធំ និងត្រូវរៀបចំសម្រាប់បង្កើនគម្របព្រៃឈើតាមផែនការរបស់រដ្ឋាភិបាល និងក៏ដូចជាសម្រាប់ការទាក់ទាញទេសចរណ៍ ដែលអាចបង្កើនចំណូលសម្រាប់សហគមន៍តំបន់ការពារធម្មជាតិ តាមរយៈគោលដៅលំហែបៃតង ដែលក្រសួងបានកំពុងជំរុញ ក្នុងគោលបំណងគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះឱ្យបានល្អ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ មូលដ្ឋានឱ្យមានការរីកចម្រើន និងសំដៅការកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងធ្វើឱ្យកម្ពុជាមានភាពបៃតងស្រស់ស្អាត។
សូមបញ្ជាក់ថា ក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលមានសសរស្តម្ភចំនួន៣គឺ ស្អាត បៃតង និងចីរភាព ក្រសួងបរិស្ថាន បានរៀបចំថ្នាល់បណ្តុះកូនឈើនៅទូទាំងរាជធានីខេត្ត។
ក្រសួងបរិស្ថានបានធ្វើការចែកកូនឈើ ដែលបានបណ្តុះទាំងនោះ ជូនដល់សាធារណជនដោយឥតគិតថ្លៃ ចំនួន ១.៣លានដើម ក្នុងនោះមានប្រភេទកូនឈើក្រុមប្រភេទ ឈើព្រៃជាង ៨៦ម៉ឺនដើម ឈើហូបផ្លែ ៩ម៉ឺនដើម និងកូនត្នោត ៣៥ម៉ឺនដើម ដែលបណ្តុះ និងថែទាំផ្ទាល់ដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត តាមរយៈការរៀបចំពិព័រណ៍ចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ផ្តើមពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤។ លើសពីនេះ សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំថ្នាលបណ្តុះកូនឈើចំនួន ៤ និងចូលរួមបណ្តុះកូនឈើបានជាង ៦ម៉ឺនដើម និងធ្វើការដាំស្តារព្រៃឈើនៅក្នុងសហគមន៍របស់ខ្លួន។ បន្ថែមពីនេះទៀត ក្រសួងបរិស្ថាន បាននិងកំពុងរៀបចំសាងសង់ស្ថានីយ៍បណ្តុះកូនឈើថ្នាក់តំបន់ចំនួន ០៥ស្ថានីយ៍ ក្នុងនោះថ្នាលបណ្តុះកូនឈើតំបន់ទី១(៣ហិកតា) បានសម្ពោធបើកការដ្ឋានសាងសង់កាលពី នាថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅខេត្តសៀមរាប (១០ហិកតា) ខេត្តកំពង់ស្ពឺ(២០ហិកតា) ខេត្តមណ្ឌលគិរី (១០ហិកតា) និងខេត្តកោះកុង (៣ហិកតា)៕
Post a Comment