សហរដ្ឋអាមេរិក ប្រកាសបញ្ជូនប្រព័ន្ធប្រឆាំងមីស៊ីល និងកងទ័ពទៅអ៊ីស្រាអែល​

 ប្រភព៖ Reuters

វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យ ទី១៣ ខែតុលា បានប្រកាសថាខ្លួននឹងបញ្ជូនកងទ័ពទៅកាន់អ៊ីស្រាអែល រួមជាមួយប្រព័ន្ធការពារដែនអាកាស ដើម្បីពង្រឹង សមត្ថភាពការពារដែនអាកាសរបស់អ៊ីស្រាអែល បន្ទាប់ពីការវាយប្រហារដោយមីស៊ីលពីអ៊ីរ៉ង់។

បើតាមមន្ទីរបញ្ចកោណ សហរដ្ឋអាមេរិកនឹងបញ្ជូនប្រព័ន្ធខែលប្រឆាំងមីស៊ីល THAAD សំដៅជួយពង្រឹងសមត្ថភាពបន្ថែមរបស់អ៊ីស្រាអែល ក្នុងការការពារដែនអាកាសរបស់ខ្លួន។ THAAD ជាប្រព័ន្ធការពារដែនអាកាសដ៏ទំនើបមួយ ដែលតម្រូវឱ្យមានកងទ័ព១០០នាក់ ដើម្បីធ្វើប្រតិបត្តិការ។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាការដាក់ពង្រាយនេះគឺមានគោលដៅការពារអ៊ីស្រាអែល ដែលកំពុងត្រៀមលក្ខណៈបើកការវាយប្រហារសងសឹងអ៊ីរ៉ង់ ក្រោយតេហេរ៉ង់បាញ់មីស៊ីលជិត២០០គ្រាប់លើអ៊ីស្រាអែលកាលពីថ្ងៃទី១ ខែតុលា។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi កាលពីថ្ងៃអាទិត្យ ក៏បានព្រមានថាសហរដ្ឋអាមេរិកកំពុងយកអាយុជីវិតកងទ័ពរបស់ខ្លួនទៅប្រថុយនឹងគ្រោះថ្នាក់តាមរយៈការដាក់ពង្រាយពួកគេដើម្បីធ្វើប្រតិបត្តិការប្រព័ន្ធខែលប្រឆាំងមីស៊ីលអាមេរិកនៅអ៊ីស្រាអែល៕



 

Powered by Blogger.