ក្រសួងបរិស្ថានដាក់ចេញផែនការជំរុញការចូលរួមរបស់ពលរដ្ឋក្នុងការពារទឹកដី ធនធានធម្មជាតិ តាមរយៈពង្រីកការអភិវឌ្ឍ«គោលដៅលំហែបៃតង»

ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅក្នុងឆ្នាំបន្ទាប់នឹងបន្តអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបង្កើតឡើងស្របនឹងយុទ្ធសាស្រ្តបញ្ជកោណរបស់រាជរដ្ឋាភិបាល ក្នុងនោះការយកចិត្តទុកដាក់លើការអភិវឌ្ឍបម្រើឱ្យប្រយោជន៍ប្រជាសហគមន៍ ក្នុងគោលបំណងជំរុញការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការពារទឹកដី ការពារធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន។ នេះជាការលើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់ក្នុងវិស័យបរិស្ថាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញការបន្តអភិវឌ្ឍន៍ ទីតាំងទេសចរណ៍នៅតាមតំបន់ការពារធម្មជាតិ ជាពិសេស «គោលដៅលំហែបៃតង» ដែលឆ្នាំទី១កន្លងមក បានអនុវត្តនៅឧទ្យានជាតិ ព្រះសុរាម្រិតកុសុមៈ«គិរីរម្យ» និងឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្តម «ភ្នំគូលែន»

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា ក្រសួងបរិស្ថាននឹងពង្រីក«គោលដៅលំហែបៃតង» ដោយបង្កើតជារបៀងលំហែបៃតង ដោយផ្សារភ្ជាប់ពី គោលដៅលំហែបៃតងមួយ ទៅកាន់គោលដៅលំហែបៃតងផ្សេងទៀត ឬទៅកាន់ទីរមណីយដ្ឋានផ្សេងទៀត ដែលផ្តល់ប្រយោជន៍ដល់ការលើកកម្ពស់ជីវភាពសហគមន៍តំបន់ការពារធម្មជាតិ តាមរយៈការបង្កើតឱ្យមាន «ការងារបៃតង» មានដូចជា សេវាកម្មទេសចរណ៍ ការដាំដំណាំ ការចិញ្ចឹមសត្វ ការកែច្នៃម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ជាដើម ដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍ សំដៅពង្រឹងការការពារធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ កាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងទិសដៅបន្ត ក្រសួងគ្រោងបង្កើតរបៀងលំហែបៃតងនៅតាមតំបន់ការពារធម្មជាតិ រួមមាន៖ ១)របៀងលំហែបៃតង តភ្ជាប់នៅខេត្តកំពង់ស្ពឺ កោះកុង កំពង់សោម កំពត និងកែប ២) របៀងលំហែបៃតងនៅតំបន់អភិវឌ្ឍន៍ត្រីកោណ CLV-TDA ដែលមានខេត្តចំនួន៤ រួមមានខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី និង៣) របៀងលំហែបៃតង នៅខេត្តកំពង់ធំ សៀមរាប ប៉ៃលិន ព្រះវិហារ និងឧត្តរមានជ័យ៕












 

Powered by Blogger.