រដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញប្រគល់ដើមមន ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅស្រុកពួក
ខេត្តសៀមរាប៖ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីនៅក្នុងពិធីប្រគល់ដើមមនចំនួន ១ ០០០ដើម របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដល់ក្រុមហ៊ុនសិប្បករអង្គរ នៅក្នុងភូមិសាស្ត្រ ស្រុកពួក ខេត្តសៀមរាប។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
បានជួយគាំទ្រដល់ក្រុមហ៊ុនសិប្បករអង្គរ
ក្នុងការស្ដារឡើងវិញនូវសិប្បកម្មតម្បាញសូត្ររបស់ខ្មែរ ចាប់តាំងពីខែមីនា ឆ្នាំ២០២៤
រហូតក្រុមហ៊ុនអាចដំណើរការឡើងវិញទាំងស្រុង ចាប់តាំងពីការដាំដើមមន ចិញ្ចឹមដង្កូវនាង
ស្រាវសូត្រ និងតម្បាញ។
បន្ទាប់ពីបានទស្សនាលំហូរនៃសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុន
ឯកឧត្តមរដ្ឋមន្ដ្រីបានសម្ដែងការសាទរចំពោះក្រុមហ៊ុន
ដែលខិតខំប្រឹងប្រែងស្ដារឡើងវិញនូវវិស័យតម្បាញសូត្រ ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរ។
ផលិតផលសូត្រមានតម្លៃខ្ពស់ ព្រោះដំណើរការផលិតនៅមានលក្ខណៈប្រពៃណីច្រើន។
ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា
ក្រុមហ៊ុននឹងបន្តអភិវឌ្ឍដំណើរការផលិតសូត្រឱ្យកាន់តែប្រសើរឡើង ទាំងផ្នែកបច្ចេកទេស
និងបរិក្ខារ ហើយក្រសួងនឹងបន្តគាំទ្រទៅតាមលទ្ធភាព លើផ្នែកដាំដុះ
និងចិញ្ចឹមដង្កូវនាង ដែលស្ថិតក្រោមសមត្ថកិច្ច និងជំនាញរបស់ក្រសួង។
ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋមន្ដ្រីសង្ឃឹមថា
វិស័យតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ និយាយដោយឡែក និងនៅកម្ពុជា និយាយជារួម
នឹងរីកចម្រើនថែមទៀតនាពេលអនាគត។ ការរីកចម្រើននៃវិស័យតម្បាញសូត្រ
នឹងអាចជួយផ្ដល់ការងារបន្ថែមដល់កសិករដាំដើមមនសម្រាប់ផ្គត់ផ្គង់ដល់ការចិញ្ចឹមដង្កូវនាង
និងសិប្បករតម្បាញសូត្រ។ មិនត្រឹមតែប៉ុណ្ណោះ
វានឹងរួមចំណែកដល់ការថែរក្សាសិប្បកម្មតម្បាញសូត្រ
ដែលជាវប្បធម៌ដ៏ចំណាស់របស់ខ្មែរឱ្យបានស្ថិតស្ថេរគង់វង្ស។
គួរបញ្ជាក់ជូនថា
ក្រៅពីការទស្សនកិច្ចចម្ការដើមមន និងសិប្បកម្មតម្បាញសូត្ររបស់ក្រុមហ៊ុនសិប្បករអង្គរ
ឯកឧត្តមរដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំ ព្រមទាំងតំណាងក្រុមហ៊ុនសិប្បករអង្គរ
បានអញ្ជើញដាំដើមមនរួមគ្នាផងដែរ៕
Post a Comment