ទូតអាល្លឺម៉ង់៖ រដ្ឋាភិបាលអាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នេះបានអនុញ្ញាតឱ្យលោក Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។
ក្នុងឱកាសនៃជំនួបនេះ លោក Stefan
Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី
ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ
បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ព្រមទាំងបានគោរពរំឭកអំពីទំនាក់ទំនងទ្វេភាគីរវាង ប្រទេសទាំងពីរ ហើយក្នុងអាណត្តិការទូតរបស់លោករយៈពេលជាង២ឆ្នាំមកនេះ
ទំនាក់ទំនងការទូត
និងកិច្ចសហប្រតិបត្តិការរវាងអាល្លឺម៉ង់-កម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់
ហើយរដ្ឋាភិបាល អាល្លឺម៉ង់នឹងបន្តការគាំទ្រដល់ការរីកចម្រើន
និងការអភិវឌ្ឍរបស់កម្ពុជា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១
របស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ លោកឯកអគ្គរដ្ឋទូត
ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្ត របស់លោកក្នុងការបន្តជំរុញទំនាក់ទំនង
និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ រួមមាន៖
ការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច របស់កម្ពុជា តាមរយៈការលើកទឹកចិត្ត
និងជំរុញឱ្យ វិនិយោគិនអាល្លឺម៉ង់មកវិនិយោគបន្ថែមទៀតនៅកម្ពុជា
ក៏ដូចជាការលើកកម្ពស់វិស័យពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ
និងការចូលរួមចំណែកអភិវឌ្ឍន៍លើវិស័យ សុខាភិបាល និងវិស័យអប់រំ
តាមរយៈការផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់និស្សិតកម្ពុជា
ក្នុងការបន្តការសិក្សានៅប្រទេសអាល្លឺម៉ង់។ ជាមួយគ្នានេះ លោកឯកអគ្គរដ្ឋទូត
ក៏បានគោរពជម្រាបជូនសម្តេចធិបតី
អំពីការបើកស្ថានកុងស៊ុលកិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប និងបានថ្លែងអំណរគុណដល់
រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លើយតបយ៉ាងឆាប់រហ័ស
និងគាំទ្រលើការបើកស្ថានកុងស៊ុលនេះផងដែរ។
ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះលោក Stefan
Messerer និងគណៈប្រតិភូ ព្រមទាំងបានបញ្ជាក់ថា
តាមរយៈជំនួបនាថ្ងៃនេះគឺជាឱកាសដ៏ល្អមួយ សម្រាប់ពិភាក្សាអំពីការបន្តពង្រឹង
និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង
ប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ទន្ទឹមនោះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណ
ដល់រដ្ឋាភិបាលអាល្លឺម៉ង់
ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក
និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្ត
និងចក្ខុវិស័យរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀតផងដែរ។
បន្ថែមលើនេះ សម្តេចធិបតី
ក៏បានសម្តែងនូវការស្វាគមន៍ចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ក្នុងការបង្កើតស្ថានកុងស៊ុល
កិត្តិយសអាល្លឺម៉ង់ប្រចាំខេត្តសៀមរាប ដើម្បីសម្រួលការតភ្ជាប់រវាងប្រជាជន
និងប្រជាជន, ជំរុញវិស័យទេសចរណ៍នៃប្រទេសទាំងពីរ
ព្រមទាំងសម្រួលនូវវិស័យពាណិជ្ជកម្ម និងវិនិយោគផងដែរ។
មុននឹងបញ្ចប់ សម្តេចធិបតី និងលោកឯកអគ្គរដ្ឋទូត
ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ លើវិស័យមួយចំនួនបន្ថែមទៀត
ដូចជាការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការអភិរក្ស ប្រាសាទបុរាណ
ជាពិសេសប្រាសាទអង្គរវត្ត និងកិច្ចសហប្រតិបត្តិការលើវិស័យបោះសម្អាតមីននៅកម្ពុជា។
ជាទីបញ្ចប់ សម្ដេចធិបតី បានជូនពរឯកឧត្តមឯកអគ្គរជ្ឋទូត
ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្ម ការទូតនៅព្រះរាជាណាចក្រកម្ពុជា និងសង្ឃឹមថា
ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិរវាងប្រទេសពីរនឹង ត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរឹងមាំបន្ថែមទៀត៕
Post a Comment