ឧបនាយករដ្ឋមន្រ្តី ស សុខា ជឿជាក់ថា ឯកឧត្តម ម៉ាង សុីណេត មន្ត្រី និងពលរដ្ឋខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំង«ទាក់ម៉ូយវិនិយោគនិងទេសចរណ៍»
អត្ថបទ៖ ទឹង សុភាព
ខេត្តព្រះសីហនុ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ឯកឧត្តម ម៉ាង សុីណេត ជាអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នារសៀលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញក្ដីសង្ឃឹមថា ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលថ្មី រដ្ឋបាលខេត្ត រួមទាំងមន្ត្រី កងកម្លាំង និងប្រជាពលរដ្ឋ ខេត្តព្រះសីហនុ នឹងរួមគ្នាជាកម្លាំងទាក់ម៉ូយទាំងក្នុងវិស័យវិនិយោគ និងទេសចរណ៍ ស្របតាមគោលការណ៍ដឹកនាំដ៏ឧត្តុង្គឧត្តមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសក្ដានុពលជាក់ស្ដែងរបស់ខេត្តព្រះសីហនុ។
ដើម្បីធានាសម្រេចបានគោលបំណងខាងលើនេះ
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា
បានសង្កត់ធ្ងន់ពីភាពចាំបាច់នៃការបន្តពង្រឹងការងារសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ។
ពាក់ព័ន្ធការងារនេះ ឯកឧត្តមអភិសន្តិបណ្ឌិត
បានគូសបញ្ជាក់អំពីចំណាត់ការដ៏មុតស្រួចរបស់រាជរដ្ឋាភិបាល មានក្រសួងមហាផ្ទៃ ជាសេនាធិការ
ដែលបាននិងកំពុងយកចិត្តទុកដាក់បង្ក្រាបបទល្មើសគ្រប់ប្រភេទ
ជាពិសេសបទល្មើសដែលមានការប្រឈមនៅខេត្តភាគនិរតីមួយនេះ
ដូចជាបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ បទល្មើសពាក់ព័ន្ធគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស
ល្បែងសុីសងខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗទៀត។
ពីវេទិកាធិបតីនោះដែរ
ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរ ដល់រដ្ឋបាលខេត្តព្រះសីហនុ
ដែលកន្លងមកនេះ ក្រោមការដឹកនាំរបស់ឯកឧត្តម គួច ចំរើន អតីតអភិបាល នៃគណៈអភិបាលខេត្ត
បានដឹកនាំមន្ត្រី កងកម្លាំង និងកៀរគរការចូលរួមពីប្រជាពលរដ្ឋ
ដើម្បីពង្រឹងគុណភាពសេវាសាធារណៈ ធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសង្គម
ប្រកបដោយការទទួលខុសត្រូវខ្ពស់ ធ្វើឱ្យបទល្មើសគ្រប់ប្រភេទនៅក្នុងខេត្ត
ជាពិសេសក្នុងក្រុងព្រះសីហនុ មានការថយចុះ ប្រជាពលរដ្ឋមានការសាទរនិងគាំទ្រ
ភ្ញៀវទេសចរណ៍ និងវិនិយោគិនជាតិនិងអន្តរជាតិ ក៏ទទួលបានភាពកក់ក្ដៅ។
ក្នុងចំណោមប្រធានបទសំខាន់ៗជាច្រើនទៀត
ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ អំពីបទល្មើសគ្រឿងញៀន
ដែលបើទោះបីជាប្រតិបត្តិការក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤នេះ បង្ក្រាបបានច្រើនករណី
ដោយរឹបអូសគ្រឿងញៀនរហូតដល់ជាង៥តោន ក៏មិនមែនមានន័យថាបញ្ហាគ្រឿងញៀនបានថយចិះនោះ។
ផ្ទុយទៅវិញ ឯកឧត្តម បានជំរុញឱ្យរដ្ឋបាលខេត្ត
រួមទាំងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់
បង្កើនការយកចិត្តទុកដាក់អនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់
ក្នុងនោះត្រូវបំផុសចលនាចូលរួមពីគ្រប់ភាគី ដោយអនុវត្តវិធានការណ៍ ៣កុំ ១រាយការណ៍។
ក្រៅពីនេះ
ឯកឧត្តមអភិសន្តិបណ្ឌិត បានណែនាំឱ្យរដ្ឋបាលខេត្ត និងកម្លាំងមានសមត្ថកិច្ច
យកចិត្តទុកដាក់ទប់ស្កាត់ និងបង្ក្រាបបទល្មើសអាជីវកម្មផ្លូវភេទ ជួញដូរកម្លាំងពលកម្ម
និងបទល្មើសចរាចរណ៍ ពិសេសការរឹតបន្តឹងច្បាប់នៅពេលយប់
និងផ្ដោតលើមុខសញ្ញាមិនពាក់មួកសុវត្ថិភាព ព្រមទាំងយកចិត្តទុកដាក់បង្ក្រាបបទល្មើសលើផ្ទៃសមុទ្រប្រកបដោយការទទួលខុសត្រូវខ្ពស់
និងធានាឱ្យបាននូវសោភណ្ឌភាព និងអនាម័យតំបន់ឆ្នេរប្រកបដោយភាពទាក់ទាញ។
ជាថ្មីម្ដងទៀត
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ
ក៏បានជម្រាបជូនអង្គពិធី ជាពិសេសថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ
សង្កាត់ អំពីការត្រៀមដាក់ចេញគោលការណ៍ណែនាំមួយរបស់ក្រសួងមហាផ្ទៃ
ដើម្បីបញ្ចប់ភាពគ្មានសណ្ដាប់ធ្នាប់ក្នុងដំណើរការដេញថ្លៃ
និងការដាក់ចេញយន្តការធានាគុណភាពសមិទ្ធផលនៃគម្រោងអភិវឌ្ឍន៍នានានៅថ្នាក់ក្រោមជាតិ
ដើម្បីឆ្លើយតបទំនុកចិត្តរបស់ប្រជាពលរដ្ឋដែលជាអ្នកទទួលផលដោយផ្ទាល់ពីគម្រោងទាំងនោះ។
សូមបញ្ជាក់ថា
ឯកឧត្តម ម៉ាង សុីណេត អតីតអភិបាលរងខេត្តព្រះសីហនុ
ត្រូវបានព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
ត្រាស់បង្គាប់តែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ជំនួសឯកឧត្តម គួច ចំរើន
ដែលត្រូវបានផ្ទេរទៅកាន់មុខតំណែងជាអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល៕
Post a Comment