អ៊ីរ៉ង់រៀបចំការបោះឆ្នោតរើសប្រធានាធិបតីថ្មី
ប្រភព៖ Reuters
តេហេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះបានចាប់ផ្តើមរៀបចំការបោះឆ្នោត
ជ្រើសរើសប្រធានាធិបតីថ្មី បន្ទាប់ពីប្រធានាធិបតីមុន គឺលោក Ebrahim Raisi បានទទួលមរណភាព ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រ កាលពីខែឧសភាកន្លងទៅ។
ក្រុមប្រឹក្សាដ៏តឹងរ៉ឹងមួយគឺជាអ្នកត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់បេក្ខជន
ដែលឈរឈ្មោះបោះឆ្នោត។ ក្រុមប្រឹក្សានោះ បានអនុម័តយល់ព្រម
ចំពោះបេក្ខជនត្រឹម៦រូបប៉ុណ្ណោះ ពីបញ្ជីឈ្មោះបេក្ខជនសរុបដំបូងចំនួន៨០នាក់។
ក្រោយមកទៀត
បេក្ខជន២នាក់ ក៏បានដកខ្លួនចេញ ដោយបច្ចុប្បន្ននៅសល់៤នាក់
ដែលមានឈ្មោះក្នុងសន្លឹកឆ្នោត។ ក្នុងនោះចំណោម បេក្ខជនលេចធ្លោជាងគេ រួមមានលោក Mohammad Baqer Qalibaf ដែលជាប្រធានសភាអ៊ីរ៉ង់
និងជាអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍ ព្រមទាំងលោក Saeed Jalili ជាអតីតមន្រ្តីចរចាបញ្ហានុយក្លេអ៊ែរ ដែលធ្លាប់បម្រើការងារ៤ឆ្នាំ
ក្នុងការិយាល័យរបស់លោក Khamenei។
មណ្ឌលបោះឆ្នោត ត្រូវបានបើកទ្វារនៅវេលាម៉ោង៨ព្រឹក
ហើយនឹងបិទទៅវិញនៅម៉ោង៦ល្ងាច ប៉ុន្តែជាទូទៅតែង
ត្រូវបានពន្យារពេលដល់ពាក់កណ្តាលយប់ក៏មាន។ ការរាប់សន្លឹកឆ្នោតនៅអ៊ីរ៉ង់
គឺធ្វើឡើងដោយដៃ ខណៈលទ្ធផលចុងក្រោយ ត្រូវរំពឹងថា នឹងប្រកាសក្នុងរយៈពេលប្រមាណ២ថ្ងៃ
ប៉ុន្តែលទ្ធផលបឋម អាចនឹងចេញឆាប់ជាងនេះ។ ប្រសិនបើពុំមានបេក្ខជនណា
ឈ្នះបានសំឡេងយ៉ាងហោច៥០ភាគរយ បូក១ទេនោះ ការបោះឆ្នោតជុំទី២ រវាងបេក្ខជនកំពូល២រូប
នឹងត្រូវរៀបចំឡើង នៅថ្ងៃសុក្រដំបូង ក្រោយលទ្ធផលឆ្នោត ត្រូវបានប្រកាស៕
Post a Comment