ទីក្រុងសៀមរាប និងទីក្រុងយ៉ាងហ្គូន នឹងភ្ជាប់គ្នាជាទីក្រុងបងប្អូនគ្នា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ជួបពិភាក្សាការងារ និងផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម Aung Naing Thu អភិបាលនៃគណៈអភិបាលតំបន់យ៉ាងហ្គូន នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ស្តីពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍រវាងកម្ពុជា និងតំបន់យ៉ាងហ្គូន ឱ្យកាន់តែជាក់ស្តែង និងមានប្រសិទ្ធភាពពីអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍។
ក្នុងជំនួបពិភាក្សាប្រកបដោយភាពស្និទ្ធស្នាល និងផ្លែផ្កា
ឯកឧត្តមអភិបាលតំបន់យ៉ាងហ្គូន
បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមរដ្ឋមន្ត្រី
និងគណៈប្រតិភូក្រសួងទេសចរណ៍ជាន់ខ្ពស់កម្ពុជា
ព្រមទាំងបានបង្ហាញការចាប់អារម្មណ៍ចំពោះការអភិវឌ្ឍវិស័យទេសចរណ៍របស់កម្ពុជា
ជាពិសេសគោលដៅទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងសាសនាដែលកំពុងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនឡើង។
តាមរយៈកិច្ចពិភាក្សាលើគ្រប់ទិដ្ឋភាពនៃកិច្ចសហប្រតិបត្តិការទេសចរណ៍
ភាគីទាំងពីរបានឯកភាពជំរុញការផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗ
ក្នុងការគ្រប់គ្រងគោលដៅទេសចរណ៍ ការអភិវឌ្ឍទេសចរណ៍បែបសាសនា និងការអភិរក្សបេតិកភណ្ឌវប្បធម៌
ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីក្រុងយ៉ាងហ្គូន
និងគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដូចជា រាជធានីភ្នំពេញ និងខេត្តសៀមរាប។
ជាក់ស្តែង ភាគីទាំងពីរ
បានឯកភាពជំរុញការរៀបចំសកម្មភាពផ្សព្វផ្សាយទេសចរណ៍រួម
និងការចូលរួមក្នុងពិព័រណ៍ទេសចរណ៍នានា ដើម្បីបង្កើនការយល់ដឹងអំពីសក្តានុពលទេសចរណ៍របស់ភាគីទាំងពីរ
ព្រមទាំងជំរុញអនុវត្តគម្រោង "ប្រទេសពីរ គោលដៅមួយ"
ដែលតភ្ជាប់ប្រទេសកម្ពុជា និងទីក្រុងយ៉ាងហ្គូន។
បន្ថែមពីលើនេះ ភាគីទាំងពីរ
ក៏បានពិភាក្សាអំពីការជំរុញទេសចរណ៍ធម្មយាត្រាព្រះពុទ្ធសាសនា
តាមរយៈការប្រើប្រាស់សក្តានុពលបេតិកភណ្ឌព្រះពុទ្ធសាសនាដ៏សម្បូរបែបរបស់កម្ពុជា
និងមីយ៉ាន់ម៉ា ព្រមទាំងគាំទ្រការផ្លាស់ប្តូរព្រឹត្តិការណ៍វប្បធម៌ ពិធីបុណ្យ
និងផលិតផលទេសចរណ៍ ដែលរួមចំណែកពង្រឹងទំនាក់ទំនងរវាងប្រជាជន
និងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានស្នើឱ្យភាគីទីក្រុងយ៉ាងហ្គូន លើកទឹកចិត្តដល់សហគ្រាសទេសចរណ៍
ប្រតិបត្តិករសណ្ឋាគារ ភ្នាក់ងារទេសចរណ៍
និងអ្នកវិនិយោគដែលមានមូលដ្ឋាននៅទីក្រុងយ៉ាងហ្គូន
ស្វែងរកឱកាសវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា
ព្រមទាំងគាំទ្រការរៀបចំវេទិកាវិនិយោគទេសចរណ៍
និងសកម្មភាពផ្គូផ្គងអាជីវកម្មរវាងវិស័យឯកជននៃភាគីទាំងពីរ។
គួរបញ្ជាក់ផងដែរថា ទីក្រុងយ៉ាងហ្គូន
គឺជាទីក្រុងធំបំផុត និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងទេសចរណ៍ដ៏សំខាន់របស់សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា
ដែលមានសក្តានុពលខ្ពស់លើវិស័យពាណិជ្ជកម្ម កំពង់ផែ ភស្តុភារ និងទេសចរណ៍
ជាពិសេសទេសចរណ៍វប្បធម៌ និងទេសចរណ៍សាសនា ដោយមានគោលដៅទេសចរណ៍ល្បីល្បាញដូចជា វត្ត Shwedagon
និងសំណង់បេតិកភណ្ឌប្រវត្តិសាស្រ្តសម័យអាណានិគមជាច្រើន៕




Post a Comment