ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជួបពិភាក្សាទ្វេភាគីជាមួយឯកអគ្គរដ្ឋទូតតួកគីយ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោក Mesut Özcan ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ សមត្ថភាពនៃសាធារណរដ្ឋតួកគីយ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួង។
ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី
បានសម្តែងការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តៅ ចំពោះលោក Mesut
Özcan ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតតួកគីយ៉េប្រចាំកម្ពុជា
និងសម្តែងការពេញចិត្តយ៉ាងជ្រាលជ្រៅដល់សន្ទុះវិជ្ជមាននៃទំនាក់ទំនងទ្វេភាគី
និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងតួកគីយ៉េ
គ្របដណ្តប់លើវិស័យជាច្រើន។
ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧបនាយករដ្ឋមន្ត្រី
ដែលបានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម
និងបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការបរទេស
និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាក្រសួង/ស្ថាប័នពាក់ព័ន្ធដទៃទៀត
ដើម្បីពង្រឹងភាពជាដៃគូជាមួយកម្ពុជា
ក្នុងអំឡុងពេលបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅកម្ពុជាផងដែរ។
ភាគីទាំងពីរ
ក៏បានស្វាគមន៍លទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី៤
រវាងក្រសួងការបរទេសទាំងពីរដែលបានរៀបចំឡើងកាលពីខែមីនា ឆ្នាំ២០២៦ កន្លងមកនេះ។
ជាចុងបញ្ចប់ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន ក៏បានជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ
ជូនលោកឯកអគ្គរដ្ឋទូតផងដែរ៕

Post a Comment