លោក Xi Jinping ជួបសន្ទនាជាមួយព្រះអង្គម្ចាស់ Haji Al-Muhtadee Billah ព្រះរជ្ជទាយាទនៃប្រទេស ប្រ៊ុយណេ

បរទេស៖ ព្រឹក​ថ្ងៃទី ១២ ខែ​ឧសភា នៅវិមានសភាប្រជាជន​​ក្រុ​ង​ប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនបាន​ជួប​សន្ទនា​ជា​មួយ​ព្រះអង្គម្ចាស់ Haji Al-Muhtadee Billah ព្រះរជ្ជទាយាទ​​នៃ​ប្រទេស​ប្រ៊ុយណេ ដែល​យាង​បំពេញព្រះរាជទស្សនកិច្ច​ជា​ផ្លូវ​ការ​​នៅប្រទេស​ចិន​ ។

ថ្លែង​ក្នុ​ងកិច្ច​ជំនួប លោក Xi Jinping បាន​លើក​ឡើងថា ឆ្នាំ​នេះជា​ខួប​ទី​៣៥នៃ​ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​ចិននិង​ប្រ៊ុយណេ ប្រឈម​មុខ​នឹង​ពិភពលោកដែលមានភាពស្មុគស្មាញនិងរង្គោះរង្គើខ្លាំង ភាគីយើង​ទាំង​ពីរ​គួរ​​បង្កើនការ​ប្រាស្រ័យទាក់ទងជា​យុទ្ធសាស្ត្រ ធ្វើឱ្យ​​ស៊ីជម្រៅ​នូវ​កិច្ច​សហប្រតិបតិ្តការ​ជាក់ស្តែង ដើម្បីបំពេញបន្ថែម​កម្លាំង​ចលករ​កាន់តែច្រើនសម្រាប់​ការ​​រក្សា​សន្តិភាពនិង​ស្ថិរភាព​ក្នុង​តំបន់​ ។
លោក Xi Jinping បាន​សង្កត់ធ្ងន់​ថា ឆ្នាំនេះជាឆ្នាំដែលប្រទេសចិនចាប់ផ្តើមអនុវត្តផែនការ​អភិវឌ្ឍ​ន៍ជាតិ​៥ឆ្នាំ​ទី១៥ ហើយ​ប្រ៊ុយណេ​ក៏បាន​ធ្វើ​កិច្ចខិត​ខំប្រឹងប្រែង​ដើម្បី​ឆ្ពោះទៅកាន់​ ​ “ចក្ខុវិស័យ​ឆ្នាំ​២០៣៥ដ៏អស្ចារ្យ​”ផងដែរ ដូច្នេះ ភាគីយើងទាំង​ពីរ​គួរ​ចាត់ទុក​ឆ្នាំ​នេះជាឱកាស​មួយ​ ដើម្បីជំរុញ​ឱ្យ​កិច្ច​សហប្រតិបតិ្តការ​រវាង​ចិននិង​ប្រ៊ុយណេ​ឡើង​ដល់​កម្រិត​ថ្មី ។ លោក​បាន​លើក​សំណើថា ទីមួយ​ ត្រូវ​ធ្វើ​ជា​ដៃគូ​យុទ្ធសាស្ត្រ​ដែល​មានទំនុកចិត្តំពោះ​គ្នាកម្រិតខ្ពស់ ។​​ ទីពីរ ត្រូវ​ធ្វើ​ជា​ដៃគូ​អភិវឌ្ឍន៍​ដែលផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ ។ ទីបី ត្រូវ​ធ្វើ​ជា​ដៃគូអរិយធម៌ដែលមានការយល់ដឹងគ្នានិងមានភាពស្និទ្ធស្នាល​ ។ ទីបួន ត្រូវ​ធ្វើ​ជា​ដៃគូសហប្រតិបតិ្តការក្នុង​វិស័យ​អភិបាល​កិច្ច​សកល​ ។
ជា​ការ​ឆ្លើយតប ​ព្រះអង្គម្ចាស់ Haji Al-Muhtadee Billah មានព្រះបន្ទូល​ថា ប្រទេស​ប្រ៊ុយណេប្រកាន់ខ្ជាប់​គោលការណ៍​ចិន​មួយ​យ៉ាង​ម៉ឺងម៉ាត់ មាន​ឆន្ទៈរួម​សហការ​ជា​មួយ​ប្រទេស​ចិន​ ដើម្បីជំរុញកិច្ច​កសាង​សហគមន៍រួម​វាសនា​ដែល​កំណត់​ដោយ​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ ធ្វើ​ឱ្យ​ទំនាក់ទំនង​ភាពជាដៃគូ​សហប្រតិបតិ្តការ​ជា​យុទ្ធសាស្ត្រ​មានភាពកាន់តែស៊ីជម្រៅ ធ្វើ​ឱ្យការ​​​ប្រាស្រ័យ​ទាក់​ទង​ជាន់​ខ្ពស់មាន​ភាពជិត​​សិ្នទ្ធ​ ព្រមទាំង​បង្កើន​កិច្ច​សហប្រតិបតិ្តការ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​និង​វិនិយោគ ដើម្បីផ្តល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ៕



Powered by Blogger.