ពន្ធនាគារខេត្តព្រះសីហនុ បដិសេធទាំងស្រុងចំពោះខ្លឹមសារមួលបង្កាច់របស់លោក Chen Nengchuan ដែលចោទប្រកាន់អង្គភាពដោយគ្មានមូលដ្ឋានច្បាស់លាស់

 អត្ថបទ៖ ទឹង សុភាព

ព្រះសីហនុ៖ អង្គភាពពន្ធនាគារខេត្តព្រះសីហនុ សូមបដិសេធទាំងស្រុងចំពោះករណីខ្លឹមសារមួលបង្កាច់ដែលលោក Chen Nengchuan បានចោទប្រកាន់មកលើអង្គភាពពន្ធនាគារដោយគ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់អង្គភាពពន្ធនាគារខេត្តព្រះសីហនុ។

យោងតាមលិខិតបំភ្លឺ ចំពោះករណី លោក Goodnight Chicken (ឈ្មោះពិត Chen Nengchuan) ផ្តល់បទសម្ភាសន៍ជាមួយតារាសម្ដែង "Rose” បាននិយាយថា « នៅយប់ដំបូងដែលគាត់ចូលពន្ធនាគារ ប្រធានបន្ទប់បាន បញ្ញាឱ្យគាត់ដោះសម្លៀកបំពាក់ ដើម្បីត្រួតពិនិត្យរាងកាយ។ គាត់បានអះអាងថា មនុស្សក្រោមបង្គាប់របស់ប្រធានបន្ទប់បានយកខ្មៅដៃវែងមួយ មានក្បាលជ័រលុប បញ្ចូលទៅក្នុងរន្ធគូថរបស់គាត់ និងធ្វើសកម្មភាពរុកចុះឡើង។

លោក Goodnight Chicken បាននិយាយថា ទោះបីគាត់មិនស្រែកយំខ្លាំងក៏ដោយ ប៉ុន្តែការឈឺចាប់ខ្លាំងរហូតស្ទើរតែទប់ទឹកភ្នែកមិនបាន។ គាត់បានសុំទោសម្ដងហើយម្ដងទៀតនិងមានអារម្មណ៍ថា មានឈាមហូរចេញ។ គាត់អះអាងថា ដោយសារមិនមានសារធាតុរំអិលការបញ្ចូលវត្ថុនោះបានបង្កឱ្យមានការឈឺចាប់យ៉ាងខ្លាំង។ ក្នុងអំឡុងពេលកើតហេតុ មានមនុស្សជាង៣០នាក់នៅក្នុងបន្ទប់ឈរមើល និងសើចចំអក ដែលធ្វើឱ្យគាត់មានអារម្មណ៍អាម៉ាស់យ៉ាងខ្លាំង។ គាត់បានបន្តថាបន្ទាប់ពីដកខ្មៅដៃចេញ មនុស្សនោះថែមទាំងយកវាទៅដុសធ្មេញរបស់គាត់ទៀត ដែលគាត់ចាត់ទុកថាជាការប្រមាថសេចក្តីថ្លៃថ្នូររបស់ខ្លួនយ៉ាងធ្ងន់ធ្ងរ។ ដោយខ្លាចរងអំពើហិង្សាគាត់អះអាងថាខ្លួនអាចត្រឹមតែសុំទោស និងបង្ខំចិត្តញញឹមប៉ុណ្ណោះ » និងករណីមួយទៀត « លោក Goodnight Chicken ក៏បាននិយាយអំពីបាតុភូតមួយទៀតនៅក្នុងពន្ធនាគារ ដែលធ្វើឱ្យគាត់ចាប់អារម្មណ៍យ៉ាងខ្លាំង។ គាត់អះអាថានៅពេលចេញហាត់ប្រាណ អ្នកទោសស្រីនឹងអង្គុយលើកៅអី ដើម្បីឱ្យអ្នកទោសប្រុសជ្រើសរើស។

បន្ទាប់ពីជ្រើសរើសរួច អ្នកទោសប្រុសអាចបង់ប្រាក់ ដើម្បីនាំអ្នកទោសស្រីទៅបន្ទប់សួរសុខទុក្ខក្បែរនោះ សម្រាប់ការប៉ះពាល់រាងកាយ និងថើប។ គាត់បាននិយាយថា តម្លៃសម្រាប់រយៈពេល១៥នាទីគឹ២៥,០០០រៀល ហើយអាចបន្តបានរហូតដល់មួយម៉ោង ប៉ុន្តែមានការហាមឃាត់មិនឱ្យមានទំនាក់
ទំនងផ្លូវភេទពេញលេញ។ គាត់អះអាងថា ដោយសារបែបនេះ អ្នកទោសប្រុស និងស្រីជាច្រើនបានបង្កើតទំនាក់ទំនងស្នេហា ហើយខ្លះបានក្លាយជាគូស្នេហ៍ក្រោយពេលចេញពីពន្ធនាគារ »
ក្នុងករណីខាងលើនេះ លោក Goodnight Chicken (ឈ្មោះពិត Chen Nengchuan)ជាជនជាតិចិនតៃវ៉ាន់ ធ្លាប់ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន០២ឆ្នាំ (ពីរឆ្នាំគត់)ពីបទៈ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ដើម្បីជៀសវាងការភ័ន្តច្រឡំពីសំណាក់
សាធារណជន និងមជ្ឈដ្ឋានទូទៅ អង្គភាពពន្ធនាគារខេត្តព្រះសីហនុ សូមធ្វើការបំភ្លឺដូចខាងក្រោម៖
១- បន្ទាប់ពីបានទទួលព័ត៌មានបង្ហោះបទសម្ភាសន៍ខាងលើ អង្គភាពបានរៀបចំក្រុមការងារ ដើម្បីធ្វើការសួរនាំទាំងមន្ត្រីគ្រប់គ្រងអគារផ្ទាល់ និងជនជាប់ឃុំធ្លាប់រួមបន្ទប់ជាមួយគ្នា មានទាំងជនជាតិចិននិងជនបរទេសជាច្រើនជាតិសាសន៍ទៀត ពួកគាត់បានរួមគ្នាលើកឡើងថា ពុំមានករណីដូចលោក
Goodnight Chicken (ឈ្មោះពិត Chen Nengchuan) បានលើកឡើងនោះទេ ដើម្បីបញ្ជាក់ពីចម្លើយការពិត ពួកគាត់ស្ម័គ្រចិត្តផ្តិតមេដៃបញ្ជាក់ពីភាពស្អាតស្អំរបស់ពួកគាត់ផងដែរ។
២- សាធារណជនជាទីគោរព អង្គភាពពន្ធនាគារខេត្តព្រះសីហនុតែងតែយកចិត្តទុកដាក់លើការគ្រប់គ្រងជនជាប់ឃុំ ប្រកបដោយសន្តិសុខសុវត្ថិភាព សុខុមាលភាព និងមនុស្សធម៌ មិនប្រកាន់ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ អង្គភាពគឺប្រកាន់ខ្ជាប់លើគោលការណ៍មនុស្សធម៌ជាចម្បង។ ចំណែក
ជនជាប់ឃុំមានវ័យចាស់ជរា ជនជាប់ឃុំមានជំងឺប្រចាំកាយ ជនជាប់ឃុំជាស្រ្តីមានគភ៌ កូនតូចតាមម្តាយអង្គភាពតែងតែត្រួតពិនិត្យតាមដានពីសុខភាពរបស់ពួកគាត់ជាប្រចាំ ដោយបានរៀបចំកាលវិភាគផ្តល់ថ្នាំទៀងទាត់ និងដឹកបញ្ជូនគាត់ទៅទទួលសេវាបន្ថែមនៅមណ្ឌលសុខភាពត្រឹមត្រូវតាមពេលវេលាកំណត់របស់គ្រូពេទ្យ។ ដូចនេះពុំមានហេតុផលណាមួយដែលអង្គភាពបណ្ដោយឱ្យមានទង្វើគ្មានមនុស្សធម៌ដូចការចោទប្រកាន់ខាងលើកើតមានឡើងក្នុងអង្គភាពនោះទេ។
៣- អង្គភាពពន្ធនាគារខេត្តព្រះសីហនុ សូមគោរពអនុញ្ញាតជម្រាបជូនពីសាវតាររបស់ លោកChen Nengchuan ធ្លាប់បានសាលាដំបូងខេត្តព្រះសីហនុផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់ចំនួន០២ឆ្នាំ (ពីរឆ្នាំគត់)ពីបទៈ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ឃុំខ្លួននៅថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២៤ និងត្រូវបានដោះលែងនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ រួចប្រគល់ជូនមន្ត្រីជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុអនុវត្តនីតិវិធីបន្ត គឺត្រូវបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា។

មុនពេលជាប់ឃុំលោក Chen Nengchuan និងមិត្តភក្តិមួយនាក់ទៀត បានសម្ដែងផ្សព្វផ្សាយជាវីដេអូនៅលើបណ្ដាញសង្គម ដែលមានសកម្មភាពពាក់មុខខ្មោចធ្វើជាមានខ្មោចលង មានសកម្មភាពចាប់ខ្លួនវាយដំ រួចសម្តែងធ្វើជាមានសកម្មភាពរត់គេចខ្លួន ដោយភាពភ័យខ្លាច និងស្រែកប្រាប់ឱ្យគេជួយបង្ក
ចលាចលអសន្តិសុខក្នុងខេត្តព្រះសីហនុ។ កម្លាំងសមត្ថកិច្ចជំនាញបានបញ្ជាក់ថា បុគ្គលទាំង០២នាក់នេះ ចូលចិត្តផលិតវីដេអូសម្តែងក្លែងក្លាយ ដើម្បីទាក់ទាញចំណាប់អារម្មណ៍នៅលើបណ្ដាញសង្គមនានាពិសេសបណ្ដាញសង្គមហ្វេសប៊ុក(Facebook) និងតិកតុក(TikTok) ដែលមានអ្នកគាំទ្រចូលទស្សនា(View) ឬចុចឡាច(Like) រហូតដល់លាននាក់។

ក្នុងន័យនេះ អង្គភាពពន្ធនាគារខេត្តព្រះសីហនុ សូមបដិសេធទាំងស្រុងចំពោះករណីខ្លឹមសារមួលបង្កាច់ដែលលោក Chen Nengchuan បានចោទប្រកាន់មកលើអង្គភាពពន្ធនាគារដោយគ្មានមូលដ្ឋានច្បាស់លាស់ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូរ របស់អង្គភាពពន្ធនាគារខេត្តព្រះសីហនុ។

សេចក្តីដូចបានជម្រាបជូនតាមខ្លឹមសារខាងលើ សូមសាធារណៈជន និងគ្រប់មជ្ឈដ្ឋានទាំងអស់ មេត្តាជ្រាបជាព៌ត័មានដោយក្តីអនុគ្រោះ និងយោគយល់ ៕













 

Powered by Blogger.