កូរ៉េខាងជើង មានផែនការដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅតាមបណ្ដោយព្រំដែនជាប់កូរ៉េខាងត្បូង
សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃសុក្រ ទី៨ ខែឧសភា ឆ្នាំ២០២៦ ថាកូរ៉េខាងជើងមានផែនការដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅតាមបណ្ដោយព្រំដែនជាប់កូរ៉េខាងត្បូង ដែលនេះនឹងក្លាយជាការគំរាមកំហែងមួយលើទីក្រុងសេអ៊ូល ក្នុងករណីជម្លោះណាមួយផ្ទុះឡើង។
ក្នុងសេចក្ដីរាយការណ៍របស់ខ្លួន KCNA
បានឱ្យដឹងថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតអាវុធមួយក្នុងសប្ដាហ៍នេះដើម្បី
ត្រួតពិនិត្យការផលិតប្រព័ន្ធកាំភ្លើងធំកាណុង ១៥៥មីលីម៉ែត្រស៊េរីថ្មី។ តាម KCNA
កាំភ្លើងធំស៊េរីថ្មីនេះអាចបាញ់បានរយៈចម្ងាយ ៦០គីឡូម៉ែត្រ
ហើយអាចនឹងត្រូវបាន ដាក់ពង្រាយក្នុងឆ្នាំនេះទៅកាន់អង្គភាពកាំភ្លើងធំស្ថិតនៅតាមបណ្ដោយព្រំដែនជាប់កូរ៉េខាងត្បូង។
ទីក្រុងសេអ៊ូលស្ថិតនៅចម្ងាយប្រហែល ៥០
ទៅ៦០គីឡូម៉ែត្រពីតំបន់ព្រំដែនជាប់ជាមួយកូរ៉េខាងជើង ហើយទីតាំងមួយផ្នែកធំនៃខេត្ត Gyeonggi
ជាខេត្តមានប្រជាជន រស់នៅច្រើនបំផុតរបស់កូរ៉េខាងត្បូង
និងជាមណ្ឌលឧស្សាហកម្មដ៏សំខាន់មួយ ក៏អាចនឹងស្ថិតនៅក្រោមចម្ងាយបាញ់នៃកាំភ្លើងធំរបស់កូរ៉េខាងជើងផងដែរ។
ដោយស្រង់សម្ដី ពីលោក គីម ជុងអ៊ុន KCNA បាននិយាយថាកាំភ្លើងធំ១៥៥មីលីម៉ែត្រស៊េរីថ្មីនឹងធ្វើឱ្យមានការប្រែប្រួលយ៉ាងខ្លាំង
ហើយផ្ដល់អត្ថាប្រយោជន៍ដល់ប្រតិបត្តិការជើងគោករបស់កងទ័ពកូរ៉េខាងជើង។
សូមជម្រាបថា បើទោះជាមានការបោះដៃស្វែងរកសន្តិភាពពីរដ្ឋាភិបាលកូរ៉េខាងត្បូងក៏ដោយ
ក៏កូរ៉េខាងជើងនៅតែប្រកាន់ជំហរដាច់ខាតមិនព្រមចរចា ហើយចាត់ទុក
កូរ៉េខាងត្បូងជាសត្រូវចម្បងរបស់ខ្លួន។ មិនតែប៉ុណ្ណោះ
ថ្មីៗនេះទីក្រុងព្យុងយ៉ាងបានលុបចោលភាសាបង្រួបបង្រួមជាតិនៅក្នុងរដ្ឋធម្មនុញ្ញរបស់ខ្លួនទៀតផង៕ (AFP)

Post a Comment