ក្រសួងយុត្តិធម៌បើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីក្របខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះក្មេងទំនើង
ភ្នំពេញ÷នាព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួងយុត្តិធម៌ បានបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាអំពីក្រមខ័ណ្ឌច្បាប់ដែលត្រូវអនុវត្តចំពោះក្មេងទំនើង ដែលកិច្ចប្រជុំនេះក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយរដ្ឋមន្ត្រី រដ្ធមន្រ្តីក្រសួងយុត្តិធម៌។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តមឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ, ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទ, ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរៈភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, មន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ, មន្ត្រីជាន់ខ្ពស់អគ្គបញ្ជាការនៃកងយុទ្ធពលខេមរៈភូមិន្ទ និងមន្ត្រីជាន់ខ្ពស់ មន្ត្រីអ្នកមុខអ្នកការនៃក្រសួងយុត្តិធម៌, តំណាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, តំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ព្រមទាំងព្រះរាជអាជ្ញា នៃអយ្យការអមជម្រះក្តីមួយចំនួន។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យ ពិភាក្សាលើទិដ្ឋភាពច្បាប់ និងវិធានការចាំបាច់និងសមស្រប ដែលអាចប្រើប្រាស់សម្រាប់ឆ្លើយតបទៅនឹងបញ្ហាក្មេងទំនើង សំដៅម៉្យាងអាចឱ្យក្មេងទំនើងបំពេញការងារ ឬធ្វើសកម្មភាពមួយចំនួនដែលគាំទ្រដល់ផលប្រយោជន៍នៅតាមបណ្តោយព្រំដែន និងម៉្យាងទៀត អាចឱ្យក្មេងទំនើងទទួលការអប់រំ កែប្រែ និងស្តារនីតិសម្បទា ដើម្បីធានាការធ្វើសមារហណកម្មចូលមកសង្គមវិញដោយជោគជ័យ និងបានកែប្រែខ្លួនពីក្មេងទំនើងមកជាពលរដ្ឋល្អវិញ ស្របតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។












Post a Comment