ឯកឧត្តមអភិសប្តិបណ្ឌិត ស សុខា និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង
រាជធានីភ្នំពេញ ៖ នាយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ នេះ នៅដឹព្រេមៀសេនធ័រសែនសុខ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា បានអញ្ជើញចូលរួមក្នុងពិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង។
ក្នុងឱកាសនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ព្រមទាំងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាថ្នាក់ដឹកនាំនិងសមាជិក សមាជិកានៃគណៈកម្មការរៀបចំពិធី “រាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង” ដែលបានលះបង់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី ក៏ដូចជាពេលវេលាបន្ថែមលើភារកិច្ចស្នូលរបស់ខ្លួន ចាត់ចែងរៀបចំធ្វើឱ្យកម្មវិធីនេះ ប្រព្រឹត្តទៅដោយរលូន និងជោគជ័យដូចការរំពឹងទុក។ជាមួយគ្នានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរដោយស្មោះអស់ពីចិត្តចំពោះឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរជនទាំងអស់ ដែលបានចំណាយធនធានផ្ទាល់ខ្លួនដ៏ថ្លៃថ្លា ជាថវិកា និងសម្ភារៈ ចូលរួមចំណែកធ្វើកិច្ចការសង្គមក្នុងខេត្តព្រៃវែង តាមរយៈពិធីរាត្រីសមោសរ ដើម្បីការងារសង្គមខេត្តព្រៃវែង នេះ។
កាយវិការដ៏សប្បុរសរបស់ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រីទាំងអស់ ពិតជាបង្ហាញឱ្យឃើញនូវឆន្ទៈ ស្មារតី និងបេះដូង ក្នុងការចែករំលែកមួយដែលប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិទាំងមូល និយាយជារួម និងដោយឡែក សម្រាប់មូលដ្ឋានខេត្តព្រៃវែង។
សកម្មភាពចូលរួមពីសប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ជាការឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីសាមគ្គីភាព បង្កើតទំនាក់ទំនងល្អរវាងគ្នានិងគ្នា ដោយមិនប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ជាងនេះទៅទៀត សកម្មភាពដ៏ល្អនេះ គឺជាការបន្តនូវវប្បធម៌ចែករំលែក ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការធានាបានសង្គមជាតិមួយដ៏រឹងមាំ និងប្រកបដោយភាពសុខដុមរមនា ក្រោមដំបូលនៃសន្តិភាព។
ជំនួយរបស់សប្បុរសជនទាំងអស់ ទាំងពេលកន្លងមក ក៏ដូចជាពេលនេះ ពិតជាបានជួយដល់រដ្ឋបាលខេត្តព្រៃវែង ឱ្យមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ប្រតិបត្តិការសកម្មភាពមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពនិងតម្លាភាព ពិសេសឆ្លើយតបបានតាមសំណូមពររបស់ប្រជាពលរដ្ឋ ដោយមិនមានការរើសអើងនិន្នាការនយោបាយ។
ក្នុងឱកាសដ៏ថ្លៃថ្លានេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ឆ្នាំមមី ព្រះនាម រាក្យសាទេវី សូមតាមជួយថែរក្សា ការពារ និងប្រសិទ្ធពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរ និងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជូនឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា អស់លោក លោកស្រី ព្រមទាំងក្រុមគ្រួសារទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ៕





















Post a Comment