តុលាការពាណិជ្ជកម្មអាមេរិក សម្រេចថាពន្ធគយជាសកល ១០ភាគរយរបស់ ត្រាំ ខុសច្បាប់
វ៉ាស៊ីនតោន៖ តុលាការពាណិជ្ជកម្មអន្តរជាតិរបស់សហរដ្ឋអាមេរិក កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចថាការដាក់ចេញការយកពន្ធគយជាសកល ១០ភាគរយ របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កាលពីខែកុម្ភៈកន្លងទៅ ធ្វើឡើងដោយខុសច្បាប់។
កាលពីខែកុម្ភៈកន្លងទៅ លោក
ត្រាំបានប្រើប្រាស់ផ្នែក១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤
ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកដំឡើងការយកពន្ធគយ រយៈពេល ១៥០ថ្ងៃ ដើម្បីដោះស្រាយ
ឱនភាពពាណិជ្ជកម្ម។ ប៉ុន្តែ តុលាការពាណិជ្ជកម្មអន្តរជាតិអាមេរិក
កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានសម្រេចក្នុងសំឡេង២ ទល់នឹង១ ថាផ្នែកទី១២២
នៃច្បាប់ពាណិជ្ជកម្មឆ្នាំ១៩៧៤ ដែលលោក ត្រាំ
យកមកប្រើដើម្បីដាក់ចេញពន្ធគយជាសកល ១០ភាគរយ
មិនបានដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មដែលបានកើតឡើងនៅពេលសហរដ្ឋអាមេរិកនាំចូលច្រើនជាងនាំចេញនោះទេ។
ពន្ធគយ១០ភាគរយរបស់លោក ត្រាំ
នឹងត្រូវផុតសុពលភាពនៅថ្ងៃទី១៤ ខែកក្កដាខាងមុខ
ប្រសិនបើមិនមានការពន្យារសុពលភាពពីសភាអាមេរិកទេនោះ។
ការសម្រេចចិត្តរបស់តុលាការពាណិជ្ជកម្មអាមេរិក គឺជាបរាជ័យជាលើកទី២សម្រាប់រដ្ឋបាលលោក
ត្រាំ បន្ទាប់ពីតុលាការកំពូលអាមេរិកចាត់ទុកគោលនយោបាយពន្ធគយរបស់លោក
ត្រាំថាខុសច្បាប់ដែរនោះ។ លើសពីនេះទៅទៀតបរាជ័យនេះកើតមានឡើង
មុនពេលដែលរូបលោកត្រូវធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥
ខែឧសភានេះ។ តែយ៉ាងណាក៏ដោយ រដ្ឋបាលលោក ត្រាំ
បានដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ប្រឆាំងជំទាស់នឹងសាលក្រម តុលាការពាណិជ្ជកម្មអាមេរិក៕ (Reuters)

Post a Comment