ត្រាំ កំពុងពិចារណាដកកងទ័ពអាមេរិកមួយចំនួនចេញពីអឺរ៉ុប ខណៈកំពុងរកាំរកូសជាមួយ NATO
វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់សេតវិមានម្នាក់បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះកាលពីថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ២០២៦ ថាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលខកចិត្តចំពោះ NATO មិនព្រមជួយសហរដ្ឋអាមេរិកបើកច្រកសមុទ្រ Hormuz និងខឹងសម្បារដែលគម្រោងទិញយកដែនដី Greenland របស់លោកមិនមានភាពរីកចម្រើន បានពិភាក្សាជាមួយក្រុមមន្ត្រីទីប្រឹក្សាអំពីជម្រើសដកកងទ័ពអាមេរិកមួយចំនួនចេញពីតំបន់អឺរ៉ុប។
តាមមន្ត្រីខាងលើដដែល
មិនទាន់មានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនៅឡើយទេ
ហើយសេតវិមានក៏បានមិនបានណែនាំឱ្យមន្ទីរបញ្ចកោណព្រាងផែនការជាក់លាក់មួយឡើងសម្រាប់ការកាត់បន្ថយវត្តមានកងទ័ពអាមេរិកនៅទ្វីបអឺរ៉ុបនោះដែរ។
ប៉ុន្តែ
កិច្ចពិភាក្សាបែបនេះបានបង្ហាញថាភាពតានតឹងនៃទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន
និងសម្ព័ន្ធមិត្ត NATO មិនបានធូរស្រាលទេ
ហើយក៏អាចសន្មត់បានដែរថាដំណើរទស្សនកិច្ចរបស់ប្រមុខ NATO លោក Mark
Rutte ទៅកាន់សេតវិមានកាលពីថ្ងៃពុធសប្ដាហ៍នេះ
បានបរាជ័យក្នុងការស្ដារឱ្យប្រសើរឡើងវិញនូវទំនាក់ទំនងអន្តរអាត្លង់ទិក
ដែលកំពុងធ្លាក់ដល់ចំណុចទាបបំផុតមួយចាប់តាំងពីបក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៤៩។
សេតវិមានបាននិយាយជាសាធារណៈថាលោក ត្រាំ
បានពិចារណាដកសហរដ្ឋអាមេរិកចេញពី NATO។
ដូច្នេះការកាត់បន្ថយចំនួនកងទ័ពអាមេរិកក្នុងតំបន់អឺរ៉ុប នឹងអនុញ្ញាតឱ្យលោក ត្រាំ
បន្ធូរបន្ថយការប្ដេជ្ញាចិត្តរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះសន្តិសុខអឺរ៉ុប
ដោយមិនចាំបាច់ប្រកាសដកខ្លួនចេញជាផ្លូវការ។
គួរបញ្ជាក់ថា បច្ចុប្បន្ន សហរដ្ឋអាមេរិកមានកងទ័ពច្រើនជាង
៨០ ០០០នាក់ក្នុងតំបន់អឺរ៉ុប
និងបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការការពារសន្តិសុខរបស់អឺរ៉ុបចាប់តាំងពីសង្រ្គាមលោកលើកទី២
បិទបញ្ចប់មក។ ក្នុងចំណោមកងទ័ពទាំងនោះមាន ៣០ ០០០នាក់កំពុងឈរជើងនៅអាល្លឺម៉ង់
ហើយកងទ័ពអាមេរិកក្នុងចំនួនប្រហាក់ប្រហែលគ្នានេះក៏កំពុងឈរជើងនៅក្នុងប្រទេសអ៉ីតាលី
ចក្រភពអង់គ្លេស និងអេស្ប៉ាញផងដែរ។
ក្រុមមន្ត្រីជាន់ខ្ពស់អាមេរិកខាងលើមិនបានបញ្ជាក់លម្អិតថាតើប្រទេសណាខ្លះដែលអាចនឹងរងផលប៉ះពាល់
ឬក៏ថាតើមានកងទ័ពអាមេរិកចំនួនប៉ុន្មាន ដែលអាចនឹងត្រូវបានដកចេញពីអឺរ៉ុបទេ
ក្នុងករណីដែលលោក ត្រាំ ពិតជាសម្រេចចិត្តធ្វើបែបនេះមែននោះ៕

Post a Comment