ប្រធានាធិបតីបារាំង មានសេចក្តីសោមនស្សរីករាយ មកបំពេញទស្សនកិច្ចនៅកម្ពុជា នាខែវិច្ឆិកា
ភ្នំពេញ៖ លោក អេម៉ាញូអែល មាក្រុង (Emmanuel Macron) ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងបំពេញទស្សនកិច្ចនៅកម្ពុជា នាខែវិច្ឆិកា ខាងមុខនេះ អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតី បន្ទាប់ពីជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ក្នុងសេចក្តីថ្លែងការណ៍ លោក Emmanuel
Macron បានថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញ នៅទីក្រុងលីយ៉ុង
និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងមេដឹកនាំប្រទេសទាំងពីរ
ក្នុងទីក្រុងប៉ារីស ។
លោកបានបញ្ជាក់ថា៖ «រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ
ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល
ក៏ដូចជាវិស័យបេតិកភណ្ឌ»។
បើតាម លោក ម៉ាក្រុង
តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) កម្ពុជា-បារាំង
ក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts
ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ
ដែលនៅទីនោះ លោកនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ច នា ខែវិច្ឆិកា។
លោកប្រធានាធិបតី បានចាត់ទុកថា
នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ
ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង៕


Post a Comment