កម្ពុជា បើកការដ្ឋានសាងសង់ វារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ ដំបូងគេនៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៦នេះ កម្ពុជាបានបើកការដ្ឋានសាងសង់ ស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុកស្ទឹងតាតៃលើ (Pumped Storage) ដំបូងគេបង្អស់នៅកម្ពុជា ស្ថិតក្នុងខេត្តកោះកុង បន្ទាប់ពីបានចំណាយពេលសិក្សាអស់រយៈពេលមួយឆ្នាំកន្លងមក។
ពិធីបើកការដ្ឋានសាងសង់នេះ
ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា
និងឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល។
គម្រោងស្ថានីយវារីអគ្គិសនីបូមទឹកស្តុកទុកនេះ គ្រោងនឹងចំណាយទុនវិនិយោគប្រមាណ
១ពាន់លានដុល្លារអាមេរិក ដោយក្រុមហ៊ុន China National Heavy Machinery
Corporation។
លោក Wang Wenbin បានមានប្រសាសន៍ថា៖
«ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកតាតៃលើ គឺជាស្ថានីយប្រភេទនេះដំបូងបង្អស់នៅកម្ពុជា
ដែលវិនិយោគ និងសាងសង់ដោយក្រុមហ៊ុនចិន។ បន្ទាប់ពីសាងសង់រួច
គម្រោងនេះនឹងជួយពង្រឹងយ៉ាងខ្លាំងក្លានូវសមត្ថភាពបណ្តាញអគ្គិសនីកម្ពុជា
ក្នុងការកែសម្រួលការប្រើប្រាស់ថាមពលនៅពេលមានតម្រូវការខ្ពស់ (Peak load) ធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃការផ្គត់ផ្គង់
ព្រមទាំងជំរុញឱ្យកម្ពុជាសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតង
គឺការប្រើប្រាស់ថាមពលស្អាតឱ្យបាន ៧០% នៅឆ្នាំ២០៣០»។
លោកឯកអគ្គរដ្ឋទូតបានបន្តថា៖ «ចាប់តាំងពីឆ្នាំ២០១០មក ស្ថានីយអគ្គិសនីដែលវិនិយោគដោយក្រុមហ៊ុនចិន
បានជួយឱ្យអត្រាផ្គត់ផ្គង់អគ្គិសនីទូទាំងប្រទេសកម្ពុជា កើនឡើងពី ៥០% ដល់ ៩៥,៨៨% និងបានជំរុញឱ្យសមាមាត្រថាមពលស្អាតកើនដល់ ៦៣,២៣%
ដែលជាចំណាត់ថ្នាក់លេខ២ ក្នុងចំណោមបណ្តាប្រទេសអាស៊ាន។
យើងមានឆន្ទៈជួយកម្ពុជាសាងសង់ស្ថានីយអគ្គិសនីទំនើបៗបន្ថែមទៀត
ដើម្បីបញ្ចូលកម្លាំងចលករសម្រាប់ការអភិវឌ្ឍឱ្យកាន់តែឆាប់រហ័ស និងនាំមកនូវសុភមង្គលកាន់តែច្រើនជូនដល់ប្រជាជនកម្ពុជា»។
បើតាមលោក Zhao Wensheng អគ្គនាយករងប្រតិបត្តិនៃក្រុមហ៊ុន Cambodian Tatay Hydropower
Limited ក្នុងកិច្ចសម្ភាសន៍ជាមួយ Fresh News បានឱ្យដឹងថា តាមការគ្រោងទុក គម្រោងនេះនឹងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល
៥ឆ្នាំ ហើយមានសមត្ថភាពអាចផលិតអគ្គិសនីបានរហូតដល់ទៅ ១,០០០មេហ្កាវ៉ាត់។
ជាការកត់សម្គាល់
ស្ថានីយអគ្គិសនីបូមទឹកស្តុកទុកនេះ និងគម្រោងព្រែកជីកហ្វូណនតេជោ
គឺជាគម្រោងយុទ្ធសាស្ត្រសំខាន់ៗចំនួនពីរ ដែលទទួលបានការគាំទ្រ
និងជំរុញការវិនិយោគផ្ទាល់ពីលោក ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន
ក្នុងឱកាសបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា
ឆ្នាំ២០២៥កន្លងទៅ។ ការវិនិយោគលើ Pumped Storage នេះ
ក៏ជាការដាក់ទុនវិនិយោគផ្នែកថាមពលនៅក្រៅប្រទេសដំបូងគេរបស់ក្រុមហ៊ុនចិនផងដែរ។
សូមជម្រាបថា នេះជាគម្រោងវិនិយោគទី៣
ហើយដែលគ្រប់គ្រងអភិវឌ្ឍន៍ដោយក្រុមហ៊ុន Cambodian Tatay Hydropower
Limited ដែលជាបុត្សម្ព័ន្ធររបស់ក្រុមហ៊ុនមេ China National
Heavy Machinery Corporation នៅប្រទេសចិន។ គម្រោងទី១
គឺវារីអគ្គិសនីតាតៃ (អនុភាព ២៤៦មេហ្គាវ៉ាត់ ដំណើរការឆ្នាំ២០១៤) និងគម្រោងទី២
គឺវារីអគ្គិសនីតាតៃលើ (ទុនវិនិយោគជិត ៤០០លានដុល្លារ អានុភាព ១៥០មេហ្គាវ៉ាត់)៕








Post a Comment