ក្រុមហ៊ុនម៉ាឡេស៊ីល្បីៗ សហការនាំព្រឹត្តិការណ៍ទេសចរណ៍ធំៗ និងកម្រិតអន្តរជាតិពុំដែលធ្លាប់មានមកកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោក Michael Cheow ប្រធានក្រុមហ៊ុន C. Michael International Sdn. Bhd. និងប្រតិភូវិនិយោគិនពីប្រទេស ម៉ាឡេស៊ី ចូលជួបសម្តែងការគួរសម និងស្នើសុំកិច្ចគាំទ្រពីក្រសួងទេសចរណ៍លើការរៀបចំព្រឹត្តិការណ៍ជំរុញទេសចរណ៍កម្រិតអន្តរជាតិនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបពិភាក្សានេះ លោក Michael
Cheow បានថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រី ដែលអនុញ្ញាតជូនរូបលោក
និងសហការី ជាតំណាងក្រុមហ៊ុនពីប្រទេសម៉ាឡេស៊ីចូលជួបសម្តែងការគួរសម
និងស្នើសុំការគាំទ្រ និងការផ្តល់អនុសាសន៍លើគម្រោងឈ្មោះថា “The Kingdom’s
Grand Prix & Gala” ដែលគ្រោងនឹងរៀបចំព្រឹត្តិការណ៍ជំរុញវិស័យទេសចរណ៍ជាលក្ខណៈអន្តរជាតិចំនួន៣
ធំៗ គឺ៖ មហោស្រពតន្ត្រីអន្តរជាតិ ដែលជាពិធីបុណ្យតន្ត្រីកម្រិតពិភពលោក
ដែលត្រូវបានរៀបចំឡើងដើម្បីអបអរសាទរទាំងទេពកោសល្យសិល្បៈសម័យទំនើប
និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា; ២).ការប្រណាំងទូកល្បឿនលឿនអាជីព
ដែលជាព្រឹត្តិការណ៍កីឡាលើទឹកដ៏រំភើបញាប់ញ័រនៅតំបន់ឆ្នេរដ៏ស្រស់ស្អាតរបស់កម្ពុជា
ដើម្បីលើកកម្ពស់ទេសចរណ៍តំបន់ឆ្នេរ និងការយល់ដឹងអំពីបរិស្ថាន
និង៣).ការប្រណាំងរថយន្តកម្រិត GT (Grand Touring) ដែលជាព្រឹត្តិការណ៍ប្រណាំងរថយន្តដ៏ឆ្នើម
ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់កេរ្តិ៍ឈ្មោះប្រទេសកម្ពុជា
ទៅកាន់មជ្ឈដ្ឋានអ្នកស្នេហាវិស័យយានយន្តអន្តរជាតិ និងក្រុមទេសចរដែលនិយមចំណាយខ្ពស់។
លោកប្រធានក្រុមហ៊ុន
ក៏បានបង្ហាញទំនុកចិត្តយ៉ាងមុតមាំថា ព្រឹត្តិការណ៍ទាំងនេះមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចក្នុងស្រុក
និងបង្កើតការងារប៉ុណ្ណោះទេ
ប៉ុន្តែថែមទាំងបង្ហាញពីការត្រៀមលក្ខណៈរួចរាល់របស់កម្ពុជា
ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍អន្តរជាតិខ្នាតធំ និងទំនើបៗផងដែរ។
ជាកិច្ចឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី
បានកោតសរសើរ វាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះគំនិតផ្តួចផ្តើមនេះ
ហើយបានបញ្ជាក់ពីការគាំទ្ររបស់ក្រសួងទេសចរណ៍ ចំពោះការរៀបចំព្រឹត្តការណ៍ដ៏ធំ
និងកម្រិតអន្តរជាតិជាលើកដំបូងនៅកម្ពុជា ក្នុងឆ្នាំ២០២៦ នេះ
ដែលនឹងក្លាយជាសមិទ្ធផលគួរជាទីមោទនៈសម្រាប់អ្នកវិនិយោគ
និងផលប្រយោជន៏សេដ្ឋកិច្ចដ៏ធំធេងចំពោះប្រជាពលរដ្ឋកម្ពុជាដែលទទួលបានពីព្រឹត្តិការណ៍ទេសចរណ៍នេះ។
ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី
ក៏បានស្នើលោកប្រធានក្រុមហ៊ុន និងប្រតិភូធុរជនម៉ាឡេស៊ី
បន្តជួយផ្សព្វផ្សាយសារវិជ្ជមាន និងកត្តាសុខសន្តិភាពពីកម្ពុជាទៅកាន់ប្រជាជនម៉ាឡេស៊ី
ដោយបានបញ្ជាក់ផងថាកម្ពុជា នៅតែជាគោលដៅទេសចរណ៍សុខសុវត្ថិភាព
ពោរពេញដោយសក្តានុពលខ្ពស់សម្រាប់ការវិនិយោគវិស័យទេសចរណ៍៕





Post a Comment