លោកជំទាវបណ្ឌិត ជា សិរី៖ ឆ្នាំ២០២៥ កម្ពុជារក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យក្រុមបេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយលោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្មសម្រាប់កម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីគោលបំណងនៃបេសកកម្ម (Staff Visit) ប្រចាំឆ្នាំ២០២៦ នាថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ជំនួបនេះ បានធ្វើឡើងក្នុងគោលបំណងពិភាក្សាជាមួយអាជ្ញាធរ និងវិស័យឯកជន ដើម្បីស្វែងយល់ពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ស្ថានភាពហិរញ្ញវត្ថុ ទស្សនវិស័យនាពេលអនាគត និងគោលនយោបាយនានា។

លោកជំទាវទេសាភិបាលបានជម្រាបជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៥ ដោយបានគូសបញ្ជាក់ពីការរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ល្អប្រសើរ និងកម្រិតទាបនៃអត្រាអតិផរណា។ លើសពីនេះ លោកជំទាវក៏បានលើកឡើងពីការដាក់ចេញវិធានការនានាជាបន្តបន្ទាប់ សំដៅផ្តល់ជាដំណោះស្រាយលើបញ្ហាប្រឈមចម្បងៗ ដូចជាបញ្ហាកើតចេញពីជម្លោះព្រំដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការដាក់ឱ្យជម្រះបញ្ជីសម្រាប់គ្រឹះស្ថានធនាគារស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាដើម។

ក្នុងឱកាសនេះដែរ លោក Kenichiro បានជម្រាបជូនលោកជំទាវទេសាភិបាល ពីគោលបំណងរបស់ក្រុមការងារដែលមកបំពេញបេសកកម្មនាពេលនេះ ជាពិសេសការគាំទ្ររបស់ IMF ក្នុងការចូលរួមអភិវឌ្ឍវិស័យធនាគារ ក៏ដូចជាការផ្តល់ជំនួយបច្ចេកទេស អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលនានាសម្រាប់អភិវឌ្ឍសមត្ថភាពមន្រ្តី-បុគ្គលិកឱ្យបានកាន់តែប្រសើរថែមទៀត។

គួររំលេចថា បន្ទាប់ពីបានជួបសម្តែងការគួរសមជាមួយលោកជំទាវទេសាភិបាលរួចមក ក្រុមបេសកកម្មក៏បានជួបពិភាក្សាថ្នាក់បច្ចេកទេសជាមួយថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា ទៅលើស្ថានភាពនិងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា វឌ្ឍនភាពប្រព័ន្ធធនាគារ និងបញ្ហាប្រឈមនានាផងដែរ៕








 

Powered by Blogger.