អ៊ីស្រាអែល ថា ខ្លួននិងអាមេរិកកំពុងគ្រប់គ្រងសឹងតែទាំងស្រុង លើដែនអាកាសរបស់ប្រទេសអ៊ីរ៉ង់

យូអិន៖ កាលពីថ្ងៃអង្គារ ទី៣ ខែមីនា បេសកជនអ៊ីស្រាអែលប្រចាំ UN លោក Danny Danon បាននិយាយថា អ៊ីស្រាអែល​និងសហរដ្ឋអាមេរិក ឥឡូវនេះកំពុងគ្រប់គ្រងដែនអាកាសប្រទេសអ៊ីរ៉ង់ស្ទើរតែទាំងមូល ហើយឧត្តមភាពនេះ នឹងត្រូវមើលឃើញជាក់ស្តែង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅ UN ក្នុងទីក្រុងញូវយ៉ក លោក Danon បានទទួលស្គាល់ថា សង្រ្គាមជាមួយអ៊ីរ៉ង់ មិនអាចចប់​ក្នុងពេលត្រឹមប៉ុន្មានថ្ងៃឬមួយសប្តាហ៍ទេ។ លោកបេសកជនអ៊ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «យើងដឹងថា វានឹងមិនមែនជា​សង្រ្គាមងាយស្រួយឡើយ។ យើងដឹងពីសមត្ថភាពនៃរបបដឹកនាំអ៊ីរ៉ង់។ ពួកគេបានចំណាយលុយរាប់ពាន់លានដុល្លារ ក្នុងការកសាង​ហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម ហើយយើងក៏ដឹងដែរថា វានឹងជាប្រតិបត្តិការធំមួយ»

យ៉ាងណាមិញ លោក Danon បានបន្តថា «ប៉ុន្តែវានឹងមិនបន្តជារៀងរហូតនោះទេ។ យើងមានឧត្តមភាព។ ពេលនេះ យើងកំពុង​គ្រប់គ្រងសឹងទាំងស្រុងលើដែនអាកាសរបស់អ៊ីរ៉ង់ ហើយខ្ញុំជឿជាក់ថា យើងនឹងអាចបង្ហាញឧត្តមភាពនោះជាក់ស្តែង ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»

ដោយឡែក នៅពេលត្រូវបានសាកសួរថា តើការវាយប្រហារមីស៊ីលនិងដ្រូនរបស់អ៊ីរ៉ង់ ទៅលើបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ ប្រហែលនឹងបន្តយូរប៉ុនណាទៀត លោក Danon បានឆ្លើយតបថា ការវាយប្រហាររបស់អាមេរិកនិងអ៊ីស្រាអែលលើអ៊ីរ៉ង់ ចាប់តាំងពី​ថ្ងៃសៅរ៍ បានទទួលជោគជ័យក្នុងការធ្វើឱ្យចុះទន់ខ្សោយសមត្ថភាពរបស់អ៊ីរ៉ង់៕



 

Powered by Blogger.