អង់គ្លេសទាមទារឱ្យអាមេរិកបញ្ជាក់ពីមូលដ្ឋានច្បាប់ ជុំវិញការវាយប្រហារលើអ៊ីរ៉ង់
ឡុងដ៍៖ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ចន ហ៊ីលី (John Healey) នាថ្ងៃអាទិត្យនេះបានបដិសេធមិនគាំទ្រដោយចំហ ចំពោះការវាយប្រហាររបស់អាមេរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់នោះទេ ដោយបញ្ជាក់ថា វាជាតួនាទីរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការ «បង្ហាញពីមូលដ្ឋានច្បាប់នៃសកម្មភាពដែលខ្លួនបានធ្វើ»។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានបញ្ជាក់ពីការស្លាប់របស់
មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេណី (Ayatollah Ali Khamenei) នៅក្នុងការវាយប្រហារតាមអាកាសកាលពីថ្ងៃសៅរ៍។ លោក ហ៊ីលី
បានបញ្ជាក់ប្រាប់ទូរទស្សន៍ BBC ថា
អង់គ្លេសមិនមានការពាក់ព័ន្ធណាមួយក្នុងការវាយប្រហារនេះឡើយ ប៉ុន្តែទីក្រុងឡុងដ៍មានគោលដៅដូចគ្នាជាមួយអាមេរិក
និងសម្ព័ន្ធមិត្ត គឺទប់ស្កាត់ដាច់ខាតមិនឱ្យអ៊ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។
ឆ្លើយតបនឹងសំណួរថា តើការវាយប្រហារនេះស្របតាមច្បាប់អន្តរជាតិដែរឬទេ
លោកសង្កត់ធ្ងន់ថា
វាជាភារកិច្ចរបស់អាមេរិកក្នុងការបកស្រាយពីមូលដ្ឋានច្បាប់នៃការវាយប្រហារនេះ។
ទន្ទឹមគ្នានេះ
រដ្ឋមន្ត្រីការពារជាតិអង់គ្លេសរូបនេះ បានលើកឡើងថា អ៊ីរ៉ង់កំពុងធ្វើការសងសឹកដោយមិនរើសមុខ
ដោយបានវាយប្រហារលើអាកាសយានដ្ឋានស៊ីវិល សណ្ឋាគារ ព្រមទាំងមូលដ្ឋានយោធា។
ថ្លែងប្រាប់សារព័ត៌មាន Sky
News លោកបានគូសបញ្ជាក់ថា អង់គ្លេសបានពង្រឹងប្រព័ន្ធការពាររបស់ខ្លួននៅក្នុងតំបន់យ៉ាងសកម្ម
ដោយបច្ចុប្បន្ន យន្តហោះចម្បាំងអង់គ្លេសដែលឈរជើងនៅមូលដ្ឋានក្នុងប្រទេសកាតា
និងសាយប្រឺស (Cyprus) កំពុងធ្វើប្រតិបត្តិការស្ទាក់ចាប់ការវាយប្រហារដោយដ្រូន
ដើម្បីការពារមូលដ្ឋាន និងសម្ព័ន្ធមិត្តរបស់ខ្លួន៕
Post a Comment