ត្រាំ បន្តសង្គ្រាមលើអ៊ីរ៉ង់ ដោយព្រងើយកន្តើយនឹងការព្រមានពីហានិភ័យនៃការបាត់បង់សំឡេងឆ្នោត
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានសម្រេចចិត្តបន្តប្រតិបត្តិការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ទោះបីជាមានការព្រមានជាសម្ងាត់ពីមន្ត្រីជាន់ខ្ពស់សេតវិមានថា ការកើនឡើងកម្តៅសង្គ្រាមនេះ អាចនឹងពិបាកគ្រប់គ្រង និងបង្កហានិភ័យនយោបាយយ៉ាងធ្ងន់ធ្ងរដល់គណបក្សសាធារណរដ្ឋ នៅក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិនាខែវិច្ឆិកាខាងមុខក៏ដោយ។
ទោះបីជាអ្នកគាំទ្រគោលនយោបាយការបរទេសតឹងរ៉ឹងអបអរសាទរចំពោះចំណាត់ការនេះក្តី
ប៉ុន្តែមន្ត្រីសេតវិមានបារម្ភថា
ការលេងល្បែងសង្គ្រាមនេះនឹងបំផ្លាញឱកាសរបស់បក្សសាធារណរដ្ឋក្នុងការរក្សាអំណាចគ្រប់គ្រងសភា
ដ្បិតពលរដ្ឋអាមេរិកកំពុងខ្វាយខ្វល់ពីរឿងសេដ្ឋកិច្ច និងការចំណាយប្រចាំថ្ងៃ
ច្រើនជាងជម្លោះនៅក្រៅប្រទេស។
ប្រភពបានទម្លាយថា លោក ត្រាំ
ជ្រើសរើសចាត់វិធានការក្តៅនេះ
ព្រោះចង់បង្ហាញរូបភាពជាមេដឹកនាំដ៏ខ្លាំងក្លានៅក្នុងស្រុក
ទោះបីជាគ្មានការធានាថាអាចទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមបានក៏ដោយ។ ជាក់ស្តែង
ការស្ទង់មតិរបស់ Reuters/Ipsos បង្ហាញថា
ពលរដ្ឋអាមេរិកត្រឹមតែ ១ភាគ៤ ប៉ុណ្ណោះ ដែលគាំទ្រការវាយប្រហារនេះ
ខណៈមនុស្សជិតពាក់កណ្តាលយល់ថា លោក ត្រាំ ចូលចិត្តប្រើប្រាស់កម្លាំងយោធាជ្រុលពេក។
សូមជម្រាបថា
ការងាកទៅរកភ្លើងសង្គ្រាមនៅមជ្ឈិមបូព៌ា
បានធ្វើឱ្យបរាជ័យនូវយុទ្ធសាស្ត្ររបស់ទីប្រឹក្សាសេតវិមាន ដែលចង់ឱ្យលោក ត្រាំ
ផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ច។ លោក ត្រាំ
បានព្រមានពលរដ្ឋរួចហើយឱ្យត្រៀមចិត្តទទួលយកការបាត់បង់កងទ័ពបន្ថែមទៀត
ក្នុងប្រតិបត្តិការដែលអាចអូសបន្លាយដល់ទៅ ៤ ឬ៥សប្តាហ៍នេះ។
អ្វីដែលគួរឱ្យព្រួយបារម្ភបំផុតសម្រាប់គណបក្សសាធារណរដ្ឋ
គឺក្រុមអ្នកគាំទ្រស្នូលនៃចលនា MAGA ដែលតែងតែប្រឆាំងនឹងការធ្វើអន្តរាគមន៍សង្គ្រាមក្រៅប្រទេស
អាចនឹងខកចិត្តហើយមិនចេញទៅបោះឆ្នោត
ដែលនេះនឹងក្លាយជាឱកាសមាសសម្រាប់គណបក្សប្រជាធិបតេយ្យ
ក្នុងការដណ្តើមគ្រប់គ្រងសភាតំណាងរាស្ត្រ និងព្រឹទ្ធសភាអាមេរិកមកវិញ៕ (Reuters)

Post a Comment