កម្ពុជា-ប្រេស៊ីល ឯកភាពបង្កើតផែនការសកម្មភាពជាក់ស្តែងដើម្បីអនុវត្ត MOU ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍
ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតជូនលោកជំទាវ Vivian Loss Sanmartin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណសហព័ន្ធប្រេស៊ីលប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ លើកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងឱកាសនៃជំនួបប្រកបដោយផ្លែផ្កានេះ
ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍
និងអបអរសាទរចំពោះការតែងតាំងលោកជំទាវជាឯកអគ្គរដ្ឋទូតដែលមាននិវេសដ្ឋាននៅកម្ពុជាដំបូងគេ
និងការបើកស្ថានទូតនៅកម្ពុជា
ដែលជាការឆ្លុះបញ្ចាំងពីការរីកចម្រើនឥតឈប់ឈរនៃចំណងការទូត
និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរដែលមានរយៈពេល៣២ឆ្នាំ
គិតចាប់តាំងពីឆ្នាំ១៩៩៤។
ទន្ទឹមនឹងនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី
ក៏បានគូសបញ្ជាក់ពីលទ្ធភាពគួរជាទីមោទនៈលើការបង្កើតកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍រវាងកម្ពុជា
និងប្រេស៊ីល
តាមរយៈការចុះអនុស្សារណៈនៃការយោគយល់គ្នាស្តីពីសហប្រតិបត្តិការទេសចរណ៍កាលពីថ្ងៃទី១០
ខែវិច្ឆិកា ឆ្នាំ២០២៥ រវាងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា
និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល។
ឯកឧត្តមរដ្ឋមន្រ្តី
បានស្នើរៀបចំឱ្យមានផែនការសកម្មភាពជាក់ស្តែង និងលម្អិតតាមដំណាក់កាលនីមួយៗ
ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាឱ្យមានប្រសិទ្ធភាព
និងប្រសិទ្ធផលសំដៅជំរុញកំណើនភ្ញៀវទេសចរ ការវិនិយោគក្នុងវិស័យទេសចរណ៍
និងការផ្លាស់ប្តូរប្រជាជន និងប្រជាជននៃប្រទេសទាំងពីរកាន់តែសកម្ម
និងជាប្រយោជន៍ដល់សេដ្ឋកិច្ចនៃប្រទេសទាំងពីរ។
ជាកិច្ចឆ្លើយតប លោកជំទាវឯកអគ្គរដ្ឋទូត
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជូនពររបស់ឯកឧត្តមរដ្ឋមន្រ្តី
និងបានសម្តែងនូវការគាំទ្រចំពោះសំណើខាងលើ
ដោយបានប្តេជ្ញាសម្របសម្រួលជាមួយក្រសួងទេសចរណ៍ប្រេស៊ីល
ដើម្បីជំរុញឱ្យមានផែនការសកម្មភាពជាក់ស្តែងសម្រាប់អនុវត្តអនុស្សរណៈនៃការយោគយល់ដែលបានចុះកន្លងមក
ឱ្យកាន់តែមានប្រសិទ្ធភាព និងផ្តល់ប្រយោជន៍រួមដល់ប្រជាជននៃប្រទេសទាំងពីរ៕




Post a Comment