រដ្ឋមន្រ្តី ជា វ៉ាន់ដេត ទទួលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា
ភ្នំពេញ៖ រសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក.ប.ទ. បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ដែលទើបនឹងទទួលបានការតែងតាំង។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្រ្តី
បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកជំទាវ
ក្នុងឱកាសចូលកាន់តំណែងថ្មីក្នុងការបំពេញភារកិច្ចជាផ្លូវការនៅកម្ពុជា
និងសូមជូនពរលោកជំទាវទទួលបាននូវភាពជោគជ័យក្នុងបេសកកម្មនេះ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តី
បានជម្រាបជូន លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា
អំពីវឌ្ឍនភាពនៃការអភិវឌ្ឍថ្នាលនិងកម្មវិធីរាជរដ្ឋាភិបាលឌីជីថល ជាអាទិ៍
ថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH ថ្នាល DG SuperApp និងថ្នាលផ្សេងៗទៀត។
រដ្ឋមន្រ្តី ជា វ៉ានដេត បន្តថាបច្ចុប្បន្ន
ថ្នាល VERIFY
ដែលត្រូវបានទទួលស្គាល់ជាថ្នាលសាធារណៈឌីជីថលសកល
និងបានទទួលការចាប់អារម្មណ៍យកទៅប្រើប្រាស់ពីសំណាក់ប្រទេសក្នុងតំបន់ រួមមាន
ហ្វីលីពីន ឡាវ ទីម័រឡេស្ដេ បង់ក្លាដេស និងហ្សកហ្ស៊ី ជាដើម។
ជាការឆ្លើយតប លោកស្រី វ្លាដាំងកា អាន់ឌ្រេវ៉ា
បានថ្លែងកោតសរសើរចំពោះសមិទ្ធផលរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍថ្នាល VERIFY
ព្រមទាំងបានសម្ដែងការគាំទ្រ ក.ប.ទ.
ក្នុងការធ្វើពិពិធកម្មថ្នាលខាងលើចូលទៅក្នុងតំបន់ និងប្រទេសជាមិត្ត។
ឯកឧត្តមរដ្ឋមន្រ្តី និង លោកស្រី វ្លាដាំងកា
អាន់ឌ្រេវ៉ា ក៏បានពិភាក្សាគ្នាពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល
ការអភិវឌ្ឍធនធានមនុស្ស អក្ខរកម្មឌីជីថល កិច្ចការពារកុមារតាមប្រព័ន្ធអនឡាញ
សន្តិសុខសាយប័រ និងការផលិតមាតិកាអនឡាញ
ព្រមទាំងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទបន្ថែមទៀតរវាង ក្រសួង
និងអង្គការសហប្រជាជាតិប្រចាំកម្ពុជា៕




Post a Comment