ក្រសួងការងាររំលឹកឱ្យម្ចាស់រោងចក្រលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារអំឡុងពេលអាកាសធាតុក្តៅ
ភ្នំពេញ៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានក្រើនរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស គ្រឹះស្ថានទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត ក្នុងអំឡុងពេលអាកាសធាតុក្តៅ។
តាមរយៈការក្រើនរំលឹកនេះ
អ្នកនាំពាក្យក្រសួងការងារបញ្ជាក់ថា៖ «នេះជាការគិតគូររបស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ចំពោះកម្មករនិយោជិត
ក៏ដូចជាប្រយោជន៍របស់ក្រុមហ៊ុន រោងចក្រ សហគ្រាស ដើម្បីធានាថា
បរិយាកាសនៅកន្លែងធ្វើការ នៅតែបន្តដោយរលូន
និងសុវត្ថិភាពនៅពេលកើនឡើងកំដៅ។ជាមួយគ្នានេះ មន្ត្រីជំនាញក្រសួងការងារ
ក៏បន្តធ្វើការយ៉ាងយកចិត្តទុកដាក់ក្នុងការតាមដានជាមួយកម្មករនិយោជិត
ក៏ដូចជាសហគ្រាសផងដែរ»។
លោកបានលើកឡើងថា
វិធានការចាំបាច់មួយចំនួនដែលម្ចាស់ ឬនាយកសហគ្រាស
គ្រឹះស្ថានទាំងអស់អាចអនុវត្តបាននៅរដូវក្តៅរួមមាន ការត្រួតពិនិត្យ
និងថែទាំជាប្រចាំនូវប្រព័ន្ធបញ្ចេញបញ្ចូលខ្យល់នៅតាមអគារធ្វើការ និងបើកឱ្យដំណើរការឱ្យបានយ៉ាងហោចណាស់
១ម៉ោង មុនពេលអនុញ្ញាតឱ្យកម្មករនិយោជិតចូលធ្វើការ។ បើកបង្អួច ទ្វារទាំងអស់
ឬបន្ថែមកង្ហារបញ្ចេញខ្យល់ ឬបឺតខ្យល់ចេញ នៅកន្លែងធ្វើការដែលមិនមាន
លំហូរខ្យល់គ្រប់គ្រាន់ និងរៀបចំទុកដាក់សម្ភារៈនិងវត្ថុធាតុដើមឱ្យមានសណ្តាប់ធ្នាប់
និងសុវត្ថិភាព។
អ្នកនាំពាក្យរូបនេះបន្តថា
បន្ថែមពីនេះត្រូវផ្គត់ផ្គង់ទឹកស្អាតឱ្យបានគ្រប់គ្រាន់ស្របតាមការកើនកម្ដៅនៃអាកាសធាតុ
និងណែនាំដល់កម្មករ និយោជិតឱ្យបរិភោគទឹកស្អាតឱ្យបានញឹកញាប់ ព្រមទាំងស្លៀក
សម្លៀកបំពាក់សមស្របតាមស្ថានភាពអាកាសធាតុ។ ជាមួយគ្នានោះ អាចបាញ់ទឹកនៅលើដំបូលអគារធ្វើការឱ្យបានយ៉ាងតិច
២ដង ក្នុង ១ថ្ងៃ,ចាត់បុគ្គលិកទទួលបន្ទុកត្រួតពិនិត្យឧបករណ៍វាស់ស្ទង់កម្ដៅជាប្រចាំនៅកន្លែងធ្វើការ
និងបង្កើនការអប់រំនិងផ្សព្វផ្សាយអំពីវិធានការការពារសុខភាពជាប្រចាំដល់កម្មករនិយោជិត
និងក្រើនរំឭក អំពីវិធានការទាំងនោះតាមរយៈប្រព័ន្ធជូនដំណឹងជាសំឡេងនៅក្នុងសហគ្រាស
គ្រឹះស្ថាន។
បើតាមលោក ស៊ុន មេសា ក្នុងករណីចាំបាច់ ម្ចាស់
ឬនាយកសហគ្រាស គ្រឹះស្ថាន និងកម្មករនិយោជិត អាចធ្វើការទំនាក់ទំនង មកក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈប្រព័ន្ធ Hotline លេខ
"១២៨៦" ឬ "១២៩៧” ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ឬអាចដាក់ពាក្យបណ្តឹងតាមនីតិវិធីប្រអប់
បណ្តឹងអនាមិករបស់ក្រសួង ដើម្បីចុះធ្វើការវាយតម្លៃកម្រិតហានិភ័យ
ដែលអាចកើតមានឡើងចំពោះសុវត្ថិភាព
និងសុខភាពកម្មករនិយោជិតក្នុងអំឡុងពេលសីតុណ្ហភាពនៅក្នុងសហគ្រាស
គ្រឹះស្ថានឡើងកម្ដៅខ្លាំង៕


Post a Comment