កិច្ចប្រជុំជំរុញការធ្វើតារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ និងជំរុញការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ

អត្ថបទ៖ ជឹម ទូច

ខេត្តរតនគិរី ៖ រដ្ឋបាលខេត្តរតនគិរី បានបើកកិច្ចប្រជុំស្តីពីការជំរុញការធ្វើតារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ២០២៥ និងជជំរុញការចុះបញ្ជីធ្វើបណ្ណកម្មសិទ្ធិដីរដ្ឋ របស់មន្ទីរ អង្គភាព រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំធ្វើឡើងនៅ សាលប្រជុំអគារ "A" សាលាខេត្តរតនគិរី ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ងិន ណែល អភិបាលរងខេត្តរតនគិរី និងមានការអញ្ជើញចូលរួមពីលោក លោកស្រី ប្រធាន មន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុក មេឃុំ ចៅសង្កាត់ និងមន្រ្តីជំនាញពាក់ព័ន្ធ ជាច្រើនរូប។

ថ្លែងក្នុងកិច្ចប្រជុំ នេះ ឯកឧត្តម ងិន ណែល បានលើកឡើងថា យោងអនុក្រឹត្យលេខ ៦៦អនក្រ.បក ចុះថ្ងៃទី២៧  ខែមេសា ឆ្នាំ២០១៧ ស្តីពីវិធាន និងនីតិវិធីនៃការគ្រប់គ្រង បញ្ជីសារ ពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងសារាចរលេខ ០៧សរ ចុះថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៤ របស់រាជរដ្ឋាភិបាល ស្តីពីការរៀបចំបញ្ជី សារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងលិខិតបទដ្ឋានជាធរមាន តម្រូវឲ្យគ្រប់ក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ និងនីតិបុគ្គលសាធារណៈ ដែលជាអាជ្ញាធរកាន់កាប់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ រៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោល រៀងរាល់៥ឆ្នាំម្តង និងតារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ចន្លោះឆ្នាំគោល ដោយអនុលោមតាមទម្រង់គម្រូ និងនីតិវិធីជាធរមាន។ បញ្ជីសារ​ពើ​ភណ្ឌ​ទ្រព្យ​​សម្ប​ត្តិ​​​​រដ្ឋ ​ត្រូវ​រៀប​ចំ​ឱ្យបានរួចរាល់នៅ​ត្រឹមដំណាច់​ត្រីមាសទី១ នៃឆ្នាំ​បន្ទាប់ ទៅតាមនីតិវិធី និងទម្រង់គំរូណែនាំ​របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រួច​ត្រូវ​​បញ្ជូន​​មក​​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ តាមរយៈអគ្គនាយកដ្ឋានទ្រព្យ​សម្បត្តិរដ្ឋ​និង​ចំណូលមិនមែនសារពើពន្ធ (អទច)​ ដើម្បី​​​តម្កល់​ទុ​ក និងពិនិត្យ​តាម​ដា​ន ​ព្រមទាំង​បូក​សរុបលទ្ធ​ផល​​​ប្រចាំឆ្នាំ​​​រាយ​ការ​ណ៍​​​​ជូន​រាជ​រដ្ឋា​​ភិបាល​​។ 

ឯកឧត្តមបន្តថា កន្លងមកបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋឆ្នាំគោលធ្លាប់បានរៀបចំចំនួន ៥ ​ដង រួចមកហើយ ​ពោល គឺនៅឆ្នាំ២០០៤ ២០០៩ ២០១៤ ២០១៩ និង២០២៤ ហើយសម្រាប់ ឆ្នាំ២០២៦ នេះ គឺជាពេលវេលាដែលត្រូវរៀបចំតារាងកើនឡើងថយចុះទ្រព្យសម្បត្តិរដ្ឋប្រចាំឆ្នាំ ២០២៥ ដោយត្រូវកត់ត្រា​ឱ្យបានគ្រប់ជ្រុងជ្រោយ​ប្រកបដោយគណនេយ្យភាព និងការទទួលខុសត្រូវខ្ពស់៕










Powered by Blogger.