សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅសហរដ្ឋអាម៉េរិក និងធ្វើទស្សនកិច្ចនៅអឺរ៉ុប
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំ គណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានី វ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
កិច្ចប្រជុំនេះ
គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព
ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ
ដែលត្រូវបានអនុម័តកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងគោលដៅជំរុញសន្តិភាព
និងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការកសាងឡើងវិញ នៅតំបន់ហ្គាហ្សា។
ជាមួយគ្នានេះដែរ
មេដឹកនាំដែលអញ្ជើញចូលរួមកិច្ចប្រជុំនេះក៏រំពឹងថានឹងពិភាក្សា
គ្នាយ៉ាងទូលំទូលាយអំពីសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
ក្នុងអំឡុងពេលស្នាក់នៅរដ្ឋធានីវ៉ាស៊ីនតោន
សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួបទ្វេភាគីជាមួយឥស្សរជនសហរដ្ឋអាម៉េរិក
និងមេដឹកនាំនៃប្រទេសឯទៀតមួយចំនួន ដើម្បីផ្លាស់ប្តូរយោបល់គ្នាលើការ
ពង្រឹងទំនាក់ទំនងទ្វេភាគី និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យនានា។
សម្តេចធិបតីនាយករដ្ឋមន្ត្រី
ក៏មានគម្រោងធ្វើទស្សនកិច្ចការងារទៅកាន់ទ្វីបអឺរ៉ុប រួមទាំងទីក្រុងហ្សឺណែវ
និងទីក្រុងព្រុចសែល ដោយនឹងមានជំនួបជាមួយថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធសំខាន់ៗ
ដើម្បីបង្កើនភាពជាដៃគូ និងកិច្ចសហការបន្ថែមទៀត៕



Post a Comment