ត្រាំ បន្តព្រមានអ៊ីរ៉ង់ពីផលវិបាក បើមិនអាចឈានដល់កិច្ចព្រមព្រៀង
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបន្តព្រមានអ៊ីរ៉ង់ អំពីផលវិបាកនៃការមិនព្រមឈានដល់កិច្ចព្រមព្រៀង មុនកិច្ចពិភាក្សាជុំថ្មីរវាងសហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមមួយនេះ នៅទីក្រុងហ្សឺណែវ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅលើយន្តហោះ Air
Force One ឆ្ពោះមកកាន់រដ្ឋធានីវ៉ាស៊ីនតោន លោក ត្រាំ បាននិយាយថា «ខ្ញុំនឹងចូលរួមពាក់ព័ន្ធមិនដោយផ្ទាល់ ក្នុងកិច្ចពិភាក្សាទាំងនោះ។
ខ្ញុំមិនយល់ថា ពួកគេ (អ៊ីរ៉ង់)
មិនចង់ទទួលរងផលវិបាកនៃការមិនព្រមឈានដល់កិច្ចព្រមព្រៀងមួយនោះទេ»។
កិច្ចពិភាក្សាថ្មីដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃអង្គារនេះ
និងត្រូវបានសម្របសម្រួលដោយអូម៉ង់ កើតមានឡើងក្រោយការគំរាមម្តងហើយម្តងទៀតរបស់លោក
ត្រាំ អំពីការធ្វើសកម្មភាពយោធាប្រឆាំងអ៊ីរ៉ង់
ដែលពីដំបូងគឺជុំវិញការបង្រ្កាបយ៉ាងប្រល័យរបស់ទីក្រុងតេហរ៉ង់
លើបាតុកម្មប្រឆាំងរដ្ឋាភិបាល ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់
ហើយថ្មីៗនេះគឺជុំវិញកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
កន្លងមក ទីក្រុងវ៉ាស៊ីនតោន
បានព្យាយាមជំរុញឱ្យមានការពិភាក្សាលើប្រធានបទដទៃទៀត រួមមានទាំងមីស៊ីលបាលិស្ទីគ
និងការគាំទ្ររបស់អ៊ីរ៉ង់ចំពោះក្រុមចលនាប្រដាប់អាវុធ នៅក្នុងតំបន់មជ្ឈិមបូព៌ា។
កាលពីថ្ងៃចន្ទ ក្រសួងការបរទេសអ៊ីរ៉ង់ បាននិយាយថា
ជំហររបស់អាមេរិកជុំវិញបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់
បានបោះជំហានឆ្ពោះទៅរកភាពជាក់ស្តែងជាងមុន។
សូមជម្រាបថា
កិច្ចប្រឹងប្រែងចរចាគ្នាកាលពីលើកមុនបានដួលរលំ នៅពេលអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់
បង្កជាសង្រ្គាមផ្លូវអាកាសរយៈពេល១២ថ្ងៃ កាលពីខែមិថុនា ឆ្នាំ២០២៥ ដែលអំឡុងពេលនោះ
ទីក្រុងវ៉ាស៊ីនតោនបានចូលរួមទម្លាក់គ្រាប់បែក លើទីតាំងចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់៕ (AFP)

Post a Comment