ក្រុមលេខាធិការនៃថ្នាក់យោធភូមិភាគកម្ពុជា-ថៃ ជួបប្រជុំនៅច្រកអន្តរជាតិ ចាំយាម-ហាតលឹក
ភ្នំពេញ ៖ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៣ ភាគីកម្ពុជា និងបញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត ភាគីថៃ នៅវេលាម៉ោង ១៤និង១៧នាទី រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានជួបប្រជុំគ្នានៅច្រកអន្តរជាតិ ចាំយាម-ហាតលឹក ស្រុកមណ្ឌលសីម៉ា ខេត្តកោះកុង ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) របស់កម្ពុជា និងថៃផងដែរ។
លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា
អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា
ក្រុមលេខាធិការរបស់កម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ទោ មុំ សាម៉ឺឌី មេបញ្ជាការរង
យោធភូមិភាគទី៣ និងក្រុមលេខាធិការរបស់ថៃ ដឹកនាំដោយ វរនាវីឯក ឧត្តម គុនសិរិប៉ាន់យ៉ោ
នាយសេនាធិការ បញ្ជាការការពារព្រំដែន ចន្ទបុរី-ត្រាត។
សូមជម្រាបថា ដោយសារតែភាគីទាំងពីរ មិនទាន់រកឃើញ
នូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ។ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នា ដកឃ្លាវិលត្រឡប់
ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ
និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នា នាពេលខាងមុខ ទើបមានការរៀបចំពិធីចុះហត្ថលេខា
និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)
រវាងយោធភូមិភាគទី៣ របស់កម្ពុជា និងបញ្ជាការការពារព្រំដែនចន្ទបុរី-ត្រាត
របស់ថៃ ។
កិច្ចប្រជុំពិសេសនៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ
(RBC)
នេះធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម
នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាងកម្ពុជា និងថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលភាគីទាំងពីរបានបញ្ជាក់សាជាថ្មី
អំពីការបន្តអនុវត្តយ៉ាង
ម៉ឺងម៉ាត់ខ្ជាប់ខ្ជួននូវលទ្ធផលនៃកិច្ចប្រជុំពិសេសនេះឱ្យបានពេញលេញ
និងប្រកបដោយប្រសិទ្ធភាព ក៏ដូចជាការបន្តកិច្ចខិតខំប្រឹងប្រែង
កាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ច
សហប្រតិបត្តិការជាក់ស្តែង សំដៅលើកកម្ពស់សន្តិភាព និង ស្ថិរភាពរវាងប្រទេសទាំងពីរ
និងឈានដល់ការវិល ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ បានឆាប់រហ័ស៕








Post a Comment