មេដឹកនាំស្តីទីបង់ក្លាដែស ប្រកាសលាលែងពីតំណែង ដើម្បីបិទបញ្ចប់រដ្ឋាភិបាលបណ្តោះអាសន្ន
ដាក្កា៖ មេដឹកនាំស្តីទីនៃប្រទេសបង់ក្លាដែស លោក Muhammad Yunus បានចុះចេញពីតំណែង កាលពីថ្ងៃចន្ទ ទី១៦ ខែកុម្ភៈ ដើម្បីប្រគល់អំណាចឱ្យរដ្ឋាភិបាលជាប់ឆ្នោត។
លោក Yunus ដែលជាម្ចាស់ជ័យលាភីណូបែលសន្តិភាព
និងមានវ័យ៨៥ឆ្នាំ បានប្រកាសយ៉ាងដូច្នេះថា «នាថ្ងៃនេះ
រដ្ឋាភិបាលស្តីទីលាលែងពីតំណែងហើយ ប៉ុន្តែចូរកុំឱ្យការអនុវត្តលទ្ធិប្រជាធិបតេយ្យ
សេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិមូលដ្ឋាន ត្រូវបានបញ្ឈប់»។
លោក Yunus បានវិលត្រឡប់ចូលប្រទេសវិញ
កាលពីខែសីហា ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី
លោកស្រី Sheikh Hasina ដែលកាន់អំណាចយូរមកហើយ
ត្រូវបានផ្តួលរំលំដោយបដិវត្តន៍ដឹកនាំដោយចលនាក្រុមនិស្សិត
ហើយលោកស្រីបានរត់ភៀសខ្លួនតាមឧទ្ធម្ភាគចក្រ ទៅកាន់ប្រទេសឥណ្ឌា។
សូមជម្រាបថា ចាប់តាំងពីពេលនោះ លោក Yunus
បានដឹកនាំប្រទេសបង់ក្លាដែស ក្នុងនាមជាប្រមុខទីប្រឹក្សា
ហើយឥឡូវនេះដល់ពេលត្រូវផ្ទេរអំណាច ក្រោយសម្តែងការចូលរួមអបអរសាទរ
ចំពោះគណបក្សជាតិនិយមបង់ក្លាដែស BNP សម្រាប់ជ័យជម្នះធំធេង
ក្នុងការបោះឆ្នោតកាលពីសប្តាហ៍មុន។ មេដឹកនាំ BNP លោក Tariue
Rahman វ័យ៦០ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី នៃប្រជាជាតិអាស៉ីខាងត្បូងមួយនេះ
ដែលមានប្រជាជនសរុប១៧០លាននាក់៕ (AFP)

Post a Comment