ភ្នំពេញ៖ ក្នុង
“សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦” ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស
រយៈពេល ២ថ្ងៃមកនេះ ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញតាមផ្នែកនីមួយៗបានរំលេចឱ្យឃើញពីសមិទ្ធផលទាំងឡាយដែលជាស្នាដៃកើតចេញពីការខិតខំប្រឹងប្រែងរួមគ្នានា
ឆ្នាំ២០២៥ បើទោះបីជាប្រទេសជាតិជួបប្រទះនូវឧបសគ្គដោយសារបញ្ហាព្រំដែនក្តី។ ទន្ទឹមនេះ
ដើម្បីដោះស្រាយបញ្ហាប្រឈម និងកែលម្អចំណុចខ្វះខាត មន្រ្តីជំនាញគ្រប់ផ្នែកបានពិភាក្សាយ៉ាងផុលផុសសំដៅដល់ការដាក់គោលដៅឆ្ពោះទៅរកការរីកចំរើន
និងសម្រេចឱ្យបាននូវវឌ្ឍនភាពការងារថ្មីៗបន្ថែមទៀតនាឆ្នាំ២០២៦។
ក្នុងចំណោមកិច្ចការស្នូលទាំងឡាយរបស់ក្រសួង
ការស្វែងរកឱកាសការងារជូនប្រជាពលរដ្ឋ គឺជាកិច្ចការអាទិភាពដែលក្រសួងបាននិងកំពុងយកចិត្តទុកដាក់ខ្ពស់
ហើយពាក់ព័ន្ធចំណុចនេះ ថ្លែងក្នុងពិធីបិទសន្និបាតប្រចាំឆ្នាំ នារសៀលថ្ងៃទី ២៧ ខែកុម្ភៈ
ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា
បច្ចុប្បន្ននៅមានឱកាសការងារប្រមាណ ៨ម៉ឺនកន្លែងទៀតសម្រាប់ប្រជាពលរដ្ឋ ជាពិសេសសម្រាប់អតីតពលករដែលវិលត្រឡប់ពីប្រទេសថៃ
ដោយឯកឧត្តមលើកឡើងថា ក្នុងឆ្នាំ២០២៥ ក្រសួងបានគ្រប់គ្រងការវិលត្រឡប់របស់អតីតពលករប្រមាណ
៩៥ម៉ឺននាក់ដោយប្រសិទ្ធភាព ហើយបានប្រែក្លាយពួកគាត់ឱ្យទៅជាកម្លាំងផលិតកម្មជាតិដ៏មានសក្តានុពល
ដែលឆ្លើយតបនឹងកំណើនវិនិយោគ។
ជាក់ស្តែង ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អតីតពលករប្រមាណ ៣១ម៉ឺននាក់ទទួលបានការងារក្នុងប្រព័ន្ធនៅតាមសហគ្រាស
ក្រុមហ៊ុន និងរោងចក្រ ហើយប្រមាណ ៣១ម៉ឺននាក់ផ្សេងទៀតបានទទួលការងារក្រៅប្រព័ន្ធ គិតត្រឹមឆ្នាំ២០២៥
ហើយរហូតមកដល់ពេលនេះមានរហូតដល់ទៅ៦២ម៉ឺននាក់។
ជាមួយនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏គូសបញ្ជាក់ពីការរក្សាបាននូវប្រាក់ឈ្នួលអប្បបរមាសមរម្យសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ
កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាមួយនឹងលក្ខខណ្ឌការងារ សុខដុមនីយកម្មវិជ្ជាជីវៈ
និងអនុលោមតាមច្បាប់ស្ដីពីការងារកាន់តែប្រសើរ។
ដើម្បីពង្រឹងប្រសិទ្ធភាពការងារ
ឆ្នាំ២០២៦ ក្នុងទិសដៅបម្រើសេវាប្រជាពលរដ្ឋ កម្មករនិយោជិត និងនិយោជកឱ្យកាន់តែល្អប្រសើរ
បង្កើនល្បឿនអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្រ្តីបានកំណត់ទិសដៅ១៩ចំណុច
ព្រមទាំងផ្តល់អនុសាសន៍ដ៏មានតម្លៃដល់មន្រ្តីក្រោមឱវាទទាំងអស់ ត្រូវបន្តអនុវត្តអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចមហាបវរធិបតី
ដោយត្រូវពង្រឹង និងពង្រីកសេវាការងារ ព័ត៌មានទីផ្សារការងារ វេទិកាការងារ និងប្រព័ន្ធ
Hotline
១២៩៧ដល់សាធារណជន ជាពិសេសអតីតពលករ, បន្តពង្រីកទីផ្សារការងារនៅក្រៅប្រទេស, បន្តរៀបចំផលិត និងផ្សព្វផ្សាយរបាយការណ៍អង្កេត
និងឯកសារសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងទីផ្សារការងារជាទៀងទាត់ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចទេសន្តរប្រវេសន៍ការងារ
និងយន្តការសមាហរណកម្មជនទេសន្តរប្រវេសន៍។
បន្ថែមពីនេះ ត្រូវបន្តពង្រឹងយន្តការអធិការកិច្ចអន្តរក្រសួង
និងប្រព័ន្ធអភិបាលកិច្ចអធិការកិច្ចការងារ, បន្តលើកកម្ពស់លក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារ, បង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការលុបបំបាត់ការប្រើប្រាស់ទម្រង់ធ្ងន់ធ្ងរ
នៃពលកម្មកុមារ,
បន្តអភិវឌ្ឍសមត្ថភាពអង្គភាពពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់
និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធវិស័យការងារ និងបន្តពង្រឹងប្រសិទ្ធភាពយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ។
ក្រៅពីនេះ ក៏ត្រូវបន្តពង្រីកវិសាលភាពគ្របដណ្តប់របបសន្តិសុខសង្គមឱ្យបានជាអតិបរមា, បន្តលើកកម្ពស់អនុលោមភាពនៃការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូទាំងអស់, បន្តជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញ TVET 1.5M, បន្តជំរុញនិងផលិតថ្នាក់បណ្តុះបណ្តាលចល័តឱ្យកាន់តែច្រើន និងទំនើប, ពង្រីកការកែច្នៃម៉ូតូកង់បី ដើម្បីបង្កើនចំណូលដល់អ្នកបើកកង់បី ឬលក់ដូរចល័ត, បញ្ចប់គោលនយោបាយជាតិស្តីពីការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និង គោលនយោបាយជាតិស្តីពីមុខរបរ
និងការងារ,
បន្តពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍនានា, បន្តពង្រឹងអភិបាលកិច្ចស្ថាប័ន និងប្រសិទ្ធភាពនៃការផ្តល់សេវា និងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ។
ឯកឧត្តមរដ្ឋមន្រ្តី
សម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង
និងអ្នកពាក់ព័ន្ធទាំងអស់នឹងបន្តរួមសាមគ្គីជាធ្លុងមួយ និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពទ្វេដង
ដើម្បីអនុវត្តសម្រេច ឱ្យបានជោគជ័យនូវទិសដៅភារកិច្ចសំខាន់ៗក្នុង ឆ្នាំ២០២៦ នេះ ដើម្បីចូលរួមចំណែកដល់ការអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល
ក្នុងការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយចីរភាព និងវិបុលភាព៕
Post a Comment