កម្ពុជា-ម៉ារ៉ុក ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា លើវិស័យវប្បធម៌

រ៉ាបា៖ តបតាមការអញ្ជើញរបស់ក្រសួងយុវជន វប្បធម៌ និងទំនាក់ទំនងនៃព្រះរាជាម៉ារ៉ុក លោក ស៊ុំ ម៉ាប់ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៦ បានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យវប្បធម៌នៃប្រទេសទាំងពីរជាមួយលោក Mohammed Mehdi Bensaid រដ្ឋមន្ត្រីក្រសួងយុវជន វប្បធម៌ និងទំនាក់ទំនងនៃព្រះរាជាណាចក្រម៉ារ៉ុក នាទីក្រុងរ៉ាបា ព្រះរាជាណាចក្រម៉ារ៉ុក។

ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងបន្ទាប់ពីការចុះហត្ថលេខាលើសេចក្តីប្រកាសរួមរវាងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៃប្រទេសទាំងពីរកាលពីខែតុលា ឆ្នាំ២០២៥ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់វិស័យនិងដើម្បីប្រារព្ធខួបទី៣០ឆ្នាំនៃទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។

អនុស្សរណៈនៃការយោគយល់គ្នាដែលត្រូវបានចុះហត្ថលេខានេះ បានផ្តោតទៅលើកិច្ចសហការរួមគ្នាលើវិស័យអភិរក្សលើកស្ទួយមរតវប្បធម៌ទាំងរូបី និងអរូបី ផ្លាស់ប្តូរបទពិសោធន៍លើវិស័យឧស្សាហកម្មវប្បធម៌និងច្នៃប្រតិដ្ឋព្រមទាំងពង្រឹងការផ្លាស់ប្តូរជំនាញ និងការបណ្តុះបណ្តាលលើវិស័យគ្រប់គ្រងសារមន្ទីរ បណ្ណាល័យនិងបណ្ណសារដ្ឋានផងដែរ។

ភាគីទាំងពីរបានបង្ហាញអំពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងកិច្ចសហការតាមស្មារតីនៃអនុស្សរណៈនៃការយោគយល់គ្នានេះ និងបានពិភាក្សាផងដែរទៅលើប្រភេទការងារមួយចំនួនដើម្បីចាប់ផ្តើមសកម្មភាពជាក់ស្តែងជាមួយគ្នាដោយរួមទាំងគម្រោងរៀបចំឱ្យមានព្រឹត្តិការណ៍វប្បធម៌ទៅវិញទៅមក ការតាំងពិព័រណ៍ផ្សេងៗ និងការផ្លាស់ប្តូរទស្សនកិច្ចការងារជាដើម៕



 

Powered by Blogger.