រដ្ឋអាជ្ញាកូរ៉េខាងត្បូង ស្នើឱ្យកាត់ទោសប្រហារជីវិតលោក Yoon Suk Yeol ពាក់ព័ន្ធនឹងការប្រើច្បាប់អាជ្ញាសឹក
សេអ៊ូល៖ រដ្ឋអាជ្ញាពិសេសកូរ៉េខាងត្បូងបានស្នើឱ្យតុលាការកាត់ទោសប្រហារជីវិតអតីតប្រធានាធិបតី លោក Yoon Suk Yeol ពាក់ព័ន្ធនឹងបទចោទជាមេគំនិតរៀបចំ ការបះបោរមួយតាមរយៈការប្រកាសប្រើច្បាប់អាជ្ញាសឹកកាលពីខែធ្នូ ឆ្នាំ២០២៤។
នៅក្នុងសវនាការមួយនៅឯតុលាការ
Seoul Central District កាលពីថ្ងៃអង្គារ
ទី១៣ ខែមករា រដ្ឋអាជ្ញាម្នាក់បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថាពិតជាមានការរៀបចំផែនការមួយតាមបញ្ជាដោយផ្ទាល់របស់លោក
Yoon និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់លោក គឺលោក Kim
Yong-hyun ចុះកាលបរិច្ឆេទកាលពីខែតុលា ឆ្នាំ២០២៣
ដើម្បីរក្សាអំណាចរបស់លោក Yoon។
រដ្ឋអាជ្ញារូបនោះបានកត់សម្គាល់ដូច្នេះថា «លោក Yoon...បានអះអាងថាការដាក់ចេញច្បាប់អាជ្ញាសឹក
គឺដើម្បីការពារប្រជាធិបតេយ្យសេរី ប៉ុន្តែទង្វើផ្ទុយពីរដ្ឋធម្មនុញ្ញ និង
ការប្រកាសប្រើច្បាប់អាជ្ញាសឹកដោយខុសច្បាប់របស់លោកបានបំផ្លាញដំណើរការនៃរដ្ឋសភា
និងគណៈកម្មការរៀបចំការបោះឆ្នោត...ព្រមទាំងបំផ្លាញប្រជាធិបតេយ្យសេរី នៅក្រោមច្បាប់រដ្ឋធម្មនុញ»។ រដ្ឋអាជ្ញាដដែលបន្ថែមថា លោក Yoon មិនបានបង្ហាញការសោកស្ដោយដោយស្មោះត្រង់នោះទេ
ហើយក៏មិនបានធ្វើការសូមទោសទៅកាន់ ប្រជាជនកូរ៉េខាងត្បូងទាំងមូលនោះដែរ។
សូមជម្រាបថា លោក Yoon មានអាយុ៦៥ឆ្នាំ បានច្រានចោលការចោទប្រកាន់ប្រឆាំងនឹងរូបលោក។ លោកត្រូវបានទីភ្នាក់ងារសារព័ត៌មាន Yonhap ដកស្រង់សម្ដីដោយ បាននិយាយថាការដែលលោកប្រកាសដាក់ច្បាប់អាជ្ញាសឹក មានគោលបំណងទប់ស្កាត់កុំឱ្យក្រុមមនុស្សទុច្ចរិតបំផ្លាញប្រទេសជាតិ ហើយថាការប្រកាសប្រើច្បាប់អាជ្ញាសឹកធ្វើឡើង ក្រោមក្របខណ្ឌនៃអំណាចជាប្រធានាធិបតីដែលច្បាប់បានអនុញ្ញាត។ តុលាការគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់លោក Yoon នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខ។
គួរបញ្ជាក់ថា កូរ៉េខាងត្បូងមិនធ្លាប់បានអនុវត្តការកាត់ទោសប្រហារជីវិតនោះទេក្នុងពេលជិត ៣ទសវត្សរ៍មកនេះ៕

Post a Comment