UN៖ កុមារយ៉ាងតិច ១០០នាក់ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីមានបទឈប់បាញ់
ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃអង្គារនេះថា កុមារយ៉ាងហោចណាស់ ១០០នាក់ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់បាញ់ដ៏ផុយស្រួយកាលពីបីខែមុន។
អ្នកនាំពាក្យអង្គការ UNICEF
លោក ជេមស៍ អែលឌើ (James Elder) បានថ្លែងថា «ជាមធ្យមមានក្មេងប្រុស
ឬក្មេងស្រីម្នាក់ត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃអំឡុងពេលបទឈប់បាញ់»។ លោកបានបញ្ជាក់ថា កុមារទាំងនោះបានស្លាប់ដោយសារការវាយប្រហារផ្លូវអាកាស
ដ្រូនអត្តឃាត ការបាញ់ផ្លោង និងគ្រាប់កាំភ្លើងពិត។
ទោះជាយ៉ាងណា
ក្រសួងសុខាភិបាលហ្គាហ្សាបានរាយការណ៍តួលេខខ្ពស់ជាងនេះ ដោយអះអាងថា កុមារចំនួន
១៦៥នាក់ត្រូវបានសម្លាប់ ក្នុងចំណោមអ្នកស្លាប់សរុប ៤៤២នាក់ចាប់តាំងពីខែតុលាមក។
លើសពីនេះ កុមារ ៧នាក់ទៀតបានស្លាប់ដោយសារអាកាសធាតុត្រជាក់នៅដើមឆ្នាំនេះ។
ទន្ធឹមគ្នានេះ លោក អែលឌើ ក៏បានរិះគន់យ៉ាងខ្លាំងចំពោះចំណាត់ការរបស់អ៊ីស្រាអែលកាលពីថ្ងៃទី១
មករា ដែលបានព្យួរអង្គការជំនួយអន្តរជាតិចំនួន ៣៧ មិនឱ្យចូលហ្គាហ្សា
ដោយចាត់ទុកថាជាការ «រារាំងជំនួយសង្គ្រោះជីវិត»
និងជាការប៉ុនប៉ងបិទបាំងការពិនិត្យមើលទុក្ខវេទនារបស់កុមារ៕ (AFP)

Post a Comment