រដ្ឋបាលលោក ត្រាំ កំណត់ពេលជួបក្រុមហ៊ុនប្រេងយក្សអាមេរិក ដើម្បីពិភាក្សាការផលិតនៅវេណេស៊ុយអេឡា
វ៉ាស៊ីនតោន៖ ប្រភពបានបង្ហើបឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំ គ្រោងនឹងជួបប្រជុំជាមួយនាយកប្រតិបត្តិនៃក្រុមហ៊ុនប្រេងអាមេរិកនៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីការបង្កើនការផលិតប្រេងនៅវេណេស៊ុយអេឡា បន្ទាប់ពីកងកម្លាំងអាមេរិកបានទម្លាក់លោក នីកូឡាស់ ម៉ាឌូរ៉ូ។
គោលបំណងសំខាន់គឺដើម្បីនាំយកក្រុមហ៊ុនប្រេងយក្សអាមេរិក
ដូចជា Exxon
Mobil, ConocoPhillips និង Chevron ត្រឡប់ចូលទៅក្នុងប្រទេសសមាជិក
OPEC មួយនេះវិញ ដែលមានប្រេងបម្រុងធំជាងគេលើពិភពលោក។
ទោះជាយ៉ាងណា ប្រភពពីឧស្សាហកម្មប្រេងចំនួនបួនបានបដិសេធការអះអាងរបស់លោក
ត្រាំ ដែលថាបានជួបពួកគេរួចហើយ ដោយបញ្ជាក់ថា
មកទល់ពេលនេះមិនទាន់មានការពិភាក្សាណាមួយជាមួយសេតវិមានអំពីប្រតិបត្តិការនៅវេណេស៊ុយអេឡានោះទេ។
អ្នកនាំពាក្យសេតវិមានបានអះអាងថា
ក្រុមហ៊ុនប្រេងទាំងអស់ត្រៀមខ្លួនរួចរាល់ហើយក្នុងការវិនិយោគដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធប្រេងឡើងវិញ។
លោក ត្រាំ ថែមទាំងបានបង្ហើបថា
អាមេរិកអាចនឹងផ្តល់ការឧបត្ថម្ភធនដល់ក្រុមហ៊ុនទាំងនោះទៀតផង។ យោងតាម CBS
News នាយកប្រតិបត្តិក្រុមហ៊ុនទាំងបីត្រូវបានគេរំពឹងថានឹងជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពល
លោក គ្រីស រ៉ាយ (Chris Wright) នៅថ្ងៃព្រហស្បតិ៍នេះ៕ (Reuters)

Post a Comment